ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi ថ្លែងក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងគែរ។ រូបថត៖ Khaled Desouki/AFP/Getty Images |
កាលពីចុងសប្តាហ៍ កិច្ចប្រជុំជាន់ខ្ពស់ជាប់ៗគ្នាចំនួន ២ បានប្រព្រឹត្តិទៅសំដៅស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅតំបន់ហ្គាស្សា។ នាថ្ងៃទី ២១ តុលា នៅរដ្ឋធានីគែរ (ប្រទេសអេហ្ស៊ីប) បានប្រព្រឹត្តិទៅជំនួបដោយផ្ទាល់រវាងថ្នាក់ដឹកនាំប្រទេសអារ៉ាប់ អឺរ៉ុប អាមេរិក និងអង្គការអន្តរជាតិធំៗជាច្រើន ហើយមួយថ្ងៃក្រោយមក (ពោលគឺនាថ្ងៃទី ២២ ខែតុលា) គឺជាជំនួបតាមប្រព័ន្ធអនឡាញរវាងប្រមុខរដ្ឋនៃបណ្ដាប្រទេសមហាអំណាចលោកខាងលិច រួមមាន៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា។ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ការទូតធំៗទាំងពីរនេះ មិនបាននាំមកនូវដំណោះស្រាយវិជ្ជមានណាមួយចំពោះជម្លោះដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននៅក្នុងតំបន់
ហ្គាហ្សាឡើយ។
ការបែកបាក់គ្នារវាងលោកខាងលិច និងពិភពអារ៉ាប់
ក្នុងសេចក្តីប្រកាសបិទកិច្ចប្រជុំកំពូលសន្តិភាពរដ្ឋធានីគែរកាលពីថ្ងៃទី ២១ ខែតុលា អ្នកនាំពាក្យរបស់ប្រធានាធិបតីអេហ្ស៊ីប លោក Ahmed Fahmy បាននិយាយថា លទ្ធផលដ៏ធំបំផុតដែលកិច្ចប្រជុំនេះសម្រេចបានគឺការបង្កើនការយល់ដឹងរវាងប្រទេសនានា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍បានចាត់ទុកថា ប្រការនេះត្រឹមតែជារបៀបនិយាយផ្សេង ដើម្បីបញ្ចៀសការពិតដែលថា កិច្ចប្រជុំបានបរាជ័យក្នុងការសម្រេចឲ្យបាននូវគោលដៅដ៏សំខាន់បំផុត គឺការបង្កើតបទឈប់បាញ់ភ្លាមមួយរំពេចនៅតំបន់ហ្គាហ្សា។
ទស្សនៈរបស់បណ្តាប្រទេសអារ៉ាប់ និងបណ្តាប្រទេសលោកខាងលិចស្តីពីការវិវឌ្ឍន៍បច្ចុប្បន្ននៅតំបន់ហ្គាហ្សានៅតែមានការខ្វែងគំនិតគ្នា។ ភាគីប្រទេសលោកខាងលេចចង់ដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំនូវការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហាររបស់កងកម្លាំងហាម៉ាសនៅលើទឹកដី
អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ហើយទទួលស្គាល់សិទ្ធិស្វ័យការពាររបស់អ៊ីស្រាអែល ខណៈដែលបណ្តាប្រទេសអារ៉ាប់ចង់ឱ្យលោកខាងលិចមានការថ្កោលទោសដូចគ្នាចំពោះការបាត់បង់អាយុជីវិតយ៉ាងធ្ងន់ធ្ងររបស់
ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ក៏ដូចជាការបិទតំបន់ហ្គាហ្សាទាំងស្រុងផងដែរ។ ភាគីទាំងពីរមិនអាចស្វែងរកកម្រិតនៃការថ្កោលទោសសមស្របណាមួយ បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោង ដែលបណ្តាលឱ្យកិច្ចប្រជុំបានបញ្ចប់ដោយមិនទទួលបានលទ្ធផលសំខាន់ណាមួយឡើយ។
យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថារបៀបអភិក្រមរបស់លោកខាងលេចអាចបង្កើនការបែកបាក់គ្នា និងការខ្វែងគំនិតគ្នាជាមួយពិភពអារ៉ាប់។ បច្ចុប្បន្ននេះ បណ្ដាប្រទេសអារ៉ាប់បានព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃជម្លោះនៅតំបន់ហ្គាហ្សា ហើយមិនទទួលយកការលះបង់ផលប្រយោជន៍របស់ខ្លួន ប្រសិនបើលោកខាងលិចមិនយល់ព្រមអំពីដំណោះស្រាយដ៏ទូលំទូលាយមួយ។ នៅក្នុងកិច្ចប្រជុំនៅរដ្ឋធានីគែរ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah Al-Sisi បានប្រកាសថាប្រទេសនេះមិនទទួលយកសេណារីយ៉ូត្រូវទទួលយកប្រជាជនប៉ាឡេស្ទីនរាប់សែននាក់នៅតំបន់ហ្គាហ្សា ដែលត្រូវចាប់បង្ខំ រត់ភៀសខ្លួនទៅកាន់ឧបទ្វីប Sinai របស់ប្រទេសនេះឡើយ៖
“ខ្ញុំអាចធានាបានយ៉ាងច្បាស់លាស់ និងស្មោះត្រង់ជាមួយពិភពលោកអំពីសុឆន្ទៈរបស់ប្រជាជនអេហ្ស៊ីប ពោលគឺក្នុងករណីណាក៏ដោយ ដំណោះស្រាយសម្រាប់បញ្ហាប៉ាឡេស្ទីននឹងមិនអាចអនុវត្តន៍បាន បើត្រូវសងតម្លៃជាផលប្រយោជន៍របស់អេហ្ស៊ីប”។
តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell។ រូបថត៖ Julien Warnand/EPA |
ជំនួយសង្គ្រោះមនុស្សធម៌គឺជាបញ្ហាសំខាន់បំផុត
ក្នុងបរិបទជាប់គាំងដូចបច្ចុប្បន្ន នៅពេលដែលការស្វែងរកបទឈប់បាញ់ភ្លាមមួយរំពេច គឺមិនអាចទៅរួច សហគមន៍អន្តរជាតិត្រូវតែផ្ដោតសំខាន់លើ ខិតខំប្រឹងប្រែងខាងការទូតទៅជាទប់ស្កាត់វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។
អញ្ជើញថ្លែងនៅប្រទេសលុចសំបួ នាថ្ងៃទី ២៣ ខែតុលា នៅពេលកោះកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស របស់ EU លោក Josep Borrell បានប្រកាសថា ប្រការដ៏សំខាន់បំផុតនាបច្ចុប្បន្នគឺត្រូវរក្សាសកម្មភាពជួយសង្គ្រោះមនុស្សធម៌នៅតំបន់ហ្គាហ្សា។ យោងតាមលោក Borrell បានឲ្យដឹងថាសូម្បីតែនៅពេលដែលមិនមានការប្រយុទ្ធគ្នាក៏ដោយ តំបន់ហ្គាហ្សាក៏ទទួលបានល្បៀងអាហារ ទឹកបរិភោគ និងថ្នាំសង្កូវតាមរយៈរថយន្តដឹកទំនិញចំនួន ១០០ គ្រឿងជារៀងរាល់ថ្ងៃ។ ដូច្នេះ ការដែលមានរថយន្តមនុស្សធម៌ត្រឹមតែរាប់សិបគ្រឿងបានចូលទៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅគឺមិនគ្រប់គ្រាន់ឡើយ៖
“ប្រការដ៏សំខាន់បំផុតនាបច្ចុប្បន្ននេះគឺអំពាវនាវឱ្យមានប្រតិបត្តិការមនុស្សធម៌ដែលត្រូវបានប្រព្រឹត្តិទៅនៅតំបន់ហ្គាហ្សា។ ខ្ញុំគិតថាចាំបាច់ត្រូវផ្អាកជម្លោះ ដោយមូលហេតុមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យទំនិញមនុស្សធម៌ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ហ្គាហ្សា និងត្រូវបានចែកចាយដល់ប្រជាជន។ សូមគិតអំពីការពិតដែលថាប្រជាជនពាក់កណ្តាលនៅតំបន់ហ្គាហ្សាត្រូវចាកចេញពីផ្ទះរបស់ពួកគេ”។
ជំនួយមនុស្សធម៌ក៏ជាការផ្តោតសំខាន់មួយនៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃទី ២២ ខែតុលា។ បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានព្រមព្រៀងគ្នាដើម្បីធានាថា រថយន្តដឹកមនុស្សធម៌នឹងបន្តចូលទៅកាន់តំបន់ហ្គាហ្សា។
នៅសប្តាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពី ការអំពាវនាវឱ្យបញ្ឈប់ជាបណ្តោះអាសន្នជម្លោះសម្រាប់ហេតុផលមនុស្សធម៌ ដែលត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាំចេញនាពេលថ្មីៗនេះ។ រហូតមកដល់ពេលនេះ បន្ទាប់ពីជម្លោះជាង ២ សប្តាហ៍បានផ្ទុះឡើងនៅតំបន់ហ្គាហ្សា រាល់សេចក្តីព្រាងនៃសេចក្ដីសម្រេចចិត្តនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីជម្លោះនេះសុទ្ធតែមានមានភាពចម្រូងចម្រាស និង បែកបាក់គ្នារវាងប្រទេសស្នូលនានារបស់អង្គការសហប្រជាជាតិផងដែរ៕