យោងតាមឯកអគ្គរដ្ឋទូតរងម៉ាឡេស៊ីប្រចាំនៅវៀតណាម លោកស្រី Cik Aida Safura Niza Othman ដំណើរទស្សនកិច្ចផ្លូវការរបស់លោកអគ្គលេខាបក្ស តូ ឡឹម ទៅកាន់ប្រទេសម៉ាឡេស៊ី មានសារសំខាន់ក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងដ៏ល្អប្រសើររវាងម៉ាឡេស៊ីនិងវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតរងបានអះអាងថា វៀតណាមជាដៃគូសំខាន់របស់ម៉ាឡេស៊ី ហើយភាគីម៉ាឡេស៊ីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹមនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យមួយចំនួន ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន។
ឯកអគ្គរដ្ឋទូតរងម៉ាឡេស៊ីប្រចាំនៅវៀតណាម លោកស្រី Cik Aida Safura Niza Othman។ រូបថត៖
Việt Đức/TTXVN
|
លោកស្រីឯកអគ្គរដ្ឋទូតរងម៉ាឡេស៊ីបានចែករំលែកថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ ម៉ាឡេស៊ីនឹងផ្តល់អាទិភាពលើការពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន បង្កើនពាណិជ្ជកម្ម ការវិនិយោគក្នុងប្លុក និងការលើកកម្ពស់សមត្ថភាពរបស់អាស៊ានក្នុងការទាញយកអត្ថប្រយោជន៍ពីវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងនោះ ឆ្នាំក្រោយក៏ជាឆ្នាំប្រារព្ធខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន (១៩៩៥-២០២៥)។ ដូច្នេះ ភាគីម៉ាឡេស៊ីកំពុងទន្ទឹងរង់ចាំការរួមចំណែករបស់វៀតណាម ព្រោះជំហរយុទ្ធសាស្ត្រ និងតួនាទីសកម្មរបស់វៀតណាមក្នុងអាស៊ានមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដូចជាការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល ឬសន្តិសុខក្នុងតំបន់៕