នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជនអ៊ីស្រាអែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា មេដឹកនាំចលនាហាម៉ាស លោក Yahya Sinwar ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល នៅក្នុងការវាយឆ្មក់ចូលទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ កងទ័ពអ៊ីស្រាអែលបានសារភាពថា ការរកឃើញនិងកំទេចមេដឹកនាំក្រុមហាម៉ាស់ គឺជាការភ្ញាក់ផ្អើលមួយ ដោយសារតែពួកគេពីមុនមិនមានព័ត៌មានច្បាស់លាស់អំពីទីតាំងលាក់ខ្លួនរបស់លោក Yahya Sinwar នោះទេ។ បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលកំពុងធ្វើតេស្ត DNA ដើម្បីបញ្ជាក់យ៉ាងច្បាស់ អំពីការកំទេចមេដឹកនាំក្រុមហាម៉ាស។
យោងតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ការកំទេចមេដឹកនាំក្រុមហាម៉ាស់ ដែលត្រូវបានចាត់ទុកថា បានដឹកនាំការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន នៅលើទឹកដីអ៊ីស្រាអែល អាចត្រូវបានចាត់ទុកជាចំណុចរបត់មួយនៅក្នុងជម្លោះនាពេលបច្ចុប្បន្ននេះនៅក្នុងតំបន់ហ្គាហ្សា។
“បើទោះបីជាព្រឹត្តិការណ៍នេះមិនមែនជាការបញ្ចប់នៃជម្លោះនៅតំបន់ហ្គាហ្សាក៏ដោយ ប៉ុន្តែប្រការនេះជាការចាប់ផ្តើមនៃទីបញ្ចប់។ ខ្ញុំមានសារដ៏សាមញ្ញមួយទៅកាន់ប្រជាជននៅហ្គាហ្សា គឺថាសង្គ្រាមនេះអាចនឹងបញ្ឈប់នាថ្ងៃស្អែក ប្រសិនបើក្រុមហាម៉ាសដាក់អាវុធចោល ហើយប្រគល់ចំណាប់ខ្មាំងមកវិញ”។
ក្នុងពេលនោះ ក្រុមហាម៉ាសមិនទាន់មានប្រតិកម្មណាមួយចំពោះព័ត៌មានដែលមេដឹកនាំនៃចលនានេះត្រូវបានសម្លាប់។ លោក Yahya Sinwar គឺជាមេដឹកនាំជាន់ខ្ពស់ទីពីរនៃក្រុមហាម៉ាស ដែលត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីការធ្វើឃាតលោក Ismail Haniyeh មេដឹកនាំនយោបាយនៃក្រុមហាម៉ាស់នៅក្នុងរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ៣១ ខែកក្កដា៕