អាស៊ាន​សង្កត់​ធ្ងន់​លើនិម្មាបនកម្ម​​តំបន់​ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)បានចេញសេចក្តីថ្លែងការណ៍រួម ស្វាគមន៍ចំពោះជំនួបនាថ្ងៃទី ១៥ ខែវិច្ឆិកា រវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋ ចិន លោក Xi JinPing ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃនិម្មាបនកម្មតំបន់ដែលផ្អែកលើច្បាប់អន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋមន្ត្រីការបរទេសអាស៊ានបានគាំទ្រការសន្យារបស់មេដឹកនាំនៃប្រទេសទាំងពីរ អាមេរិកនិងចិន ក្នុងការរក្សាបណ្តាញទំនាក់ទំនងបើកចំហ និងការគ្រប់គ្រងប្រកបដោយមានទំនួលខុសត្រូវនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អាស៊ាន​សង្កត់​ធ្ងន់​លើនិម្មាបនកម្ម​​តំបន់​ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ - ảnh 1បណ្តាប្រទេសអាស៊ានបានស្វាគមន៍ចំពោះលទ្ធផលដែលទទួលបានពីជំនួបរវាងមេដឹកនាំអាមេរិក និងចិននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នាពេលថ្មីៗនេះ។ (ប្រភព៖ Reuters)

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ចិន និងអាមេរិក គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ហើយបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ចំពោះគោលការណ៍ជាមូលដ្ឋាន គុណតម្លៃ និងបទដ្ឋានរួមដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) សេចក្តីថ្លែងការណ៍ស្តីពីគោលការណ៍នៃទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក (គោលការណ៍ Bali) និងចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។

អាស៊ានបញ្ជាក់ពីការចែករំលែកផលប្រយោជន៍រួម ដើម្បីពង្រឹងនិម្មាបនកម្មតំបន់បើកចំហ តម្លាភាព ភាពធន់ និងបរិយាប័ន្ន ដោយឈរលើច្បាប់អន្តរជាតិ យកអាស៊ានជាមជ្ឈភាព ស្របតាមគោលបំណង និងគោលការណ៍របស់អាស៊ាននិងយន្តការដែលដឹកនាំដោយអាស៊ាន។ សេចក្តីថ្លែងការណ៍រួមក៏បានលើកទឹកចិត្តដល់ប្រទេសចិន និងអាមេរិក ដែលជាដៃគូយូរអង្វែងរបស់អាស៊ាន បន្តគាំទ្រដល់ដំណើរការកសាងសហគមន៍អាស៊ាន ក៏ដូចជាការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ