អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel ។ រូបថត៖ indianexpress |
ការសម្រេចចិត្តនេះ បានបញ្ចប់រៈពេលជាងមួយឆ្នាំកន្លះដែលអាមេរិកបោះបង់ចោលតំណែងឯកអគ្គរដ្ឋទូតនៅប្រទេសនីហ្សេ។ យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Vedant Patel លោកស្រី Kathleen FitzGibbon មិនមានគម្រោងជូនសារតាំងចំពោះរបបយោធាក្នុងប្រទេសនីហ្សេនោះឡើយ។ វត្តមានរបស់លោកស្រី FitzGibbon មិនឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរគោលជំហររបស់អាមេរិកលើស្ថានការណ៍នៅប្រទេសនីហ្សេនោះទេ ព្រមទាំងបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនរក្សាការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយការទូតដែលគោរពបទបញ្ជារដ្ឋធម្មនុញ្ញនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។
មុននោះ ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃទី ២៩ ខែកក្កដា បានអនុម័តឲ្យលោកស្រី FitzGibbon ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសនីហ្សេ ក្រោយរយៈពេលជិតមួយឆ្នាំបន្ទាប់ពីលោកស្រីត្រូវបានតែងតាំង និងប៉ុន្មានថ្ងៃបន្ទាប់ពីពលប្រហារនៅនីហ្សេ។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បណ្តាប្រទេសលោកខាងលិចនិងអាហ្រ្វិកជាច្រើន បន្តអំពាវនាវឱ្យរបបយោធានៅនីហ្សេដោះលែងនិងស្តារតំណែងរបស់លោកប្រធានាធិបតី Mohamed Bazoum ឡើងវិញ។ សហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថា ប្រទេសនេះនៅតែផ្តល់អាទិភាពដល់វិធានការការទូត ដើម្បីដោះស្រាយវិបត្តិ ហើយបានបញ្ជាក់ថា ការធ្វើអន្តរាគមន៍យោធាគួរតែជាមធ្យោបាយចុងក្រោយបង្អស់៕