នៅក្នុងជំនួបនេះ ប្រធានរដ្ឋបានវាយតម្លៃថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងប៉េរូនាពេលកន្លងទៅ មានការអភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោកប្រធានរដ្ឋបានឲ្យដឹងថា លោក និងប្រធានាធិបតីប៉េរូបានឯកភាពអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងប៉េរូ ជាមួយនឹងវិធានការជាក់ស្តែង ដើម្បីទាញយកជាអតិបរមានូវសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ប៉េរូឡើងដល់កម្ពស់ថ្មីមួយ។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ជួបសវនការជាមួយប្រធានគណៈរដ្ឋមន្ត្រីប៉េរូ លោក Gustavo Adriazén។ រូបថត៖ VOV |
រីឯខ្លួនវិញ ប្រធានគណៈរដ្ឋមន្ត្រីនៃប្រទេសប៉េរូបានវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អង្គភាពអាជីវកម្មវៀតណាមនៅប៉េរូ ជាពិសេសគម្រោងទូរគមនាគមន៍ប្រកបដោយជោគជ័យបំផុតរបស់សារជីវកម្មបច្ចេកវិទ្យានិងទូរគមនាគមន៍វៀតណាម (Viettel) ដោយអះអាងនូវការគាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់ Viettel ពង្រីកគម្រោងសហប្រតិបត្តិការ រួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេសប៉េរូ និងនាំមកនូវផលប្រយោជន៍យូរអង្វែងដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពជំរុញសកម្មភាពជួបប្រាស្រ័យនិងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ការផ្លាស់ប្តូរគ្រប់ជាន់ថ្នាក់ក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយបានប្តេជ្ញាអនុវត្តន៍ជាប្រចាំនិងប្រកបដោយប្រសិទ្ធភាពនូវយន្តការសន្ទនានយោបាយ-ការទូតនិងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព៕