អាមេរិកបានប្តេជ្ញាផ្តល់ថវិកាចំនួន ១០០ លានដុល្លា​បន្ថែមទៀតដល់មូលដ្ឋាន​សុខាភិបាលប៉ាឡេស្ទីននៅយេរូសាឡឹមខាងកើត

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ា នាថ្ងៃទី ១៥ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅតំបន់ West Bank  ដែលត្រូវទន្ទ្រានកាន់កាប់។ ភាគីទាំងពីរបានផ្តោតលើការពិភាក្សាអំពីវិធានការសេដ្ឋកិច្ច។
អាមេរិកបានប្តេជ្ញាផ្តល់ថវិកាចំនួន ១០០ លានដុល្លា​បន្ថែមទៀតដល់មូលដ្ឋាន​សុខាភិបាលប៉ាឡេស្ទីននៅយេរូសាឡឹមខាងកើត - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅក្នុងកិច្ចប្រជុំមួយក្នុងក្រុង Bethlehem តំបន់ West Bank ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

មុននោះនៅថ្ងៃដដែល លោក Joe Biden បានអញ្ជើញទៅទស្សនាមន្ទីរពេទ្យ Augusta Victoria នៅទីក្រុងយេរូសាឡឹមខាងកើត។ នៅទីនេះប្រធានាធិបតីអាមេរិកបានសន្យាថា នឹងចំណាយថវិកាចំនួន ១០០ លានដុល្លារបន្ថែមទៀតដើម្បីគាំទ្រដល់មូលដ្ឋានសុខាភិបាលនៅក្នុងតំបន់នេះនិយាយដោយឡែក និងសេវាកម្មសុខាភិបាលរបស់ប៉ាឡេស្ទីននិយាយរួម។

ក្នុងពេលជាមួយគ្នានោះ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា គណៈប្រតិភូរបស់ប្រទេសនេះ នឹងដាក់ចេញវិធានការសេដ្ឋកិច្ចដើម្បីជួយឧបត្ថម្ភប្រជាជនប៉ាឡេស្ទីន ក្នុងនោះរួមទាំងថវិកាបំពេញបន្ថែម ២០១ លានដុល្លារសម្រាប់ទីភ្នាក់ងារជួយសង្គ្រោះ និងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។ ប្រាក់ជំនួយឧបត្ថម្ភសម្រាប់ទីភ្នាក់ងារនេះ ត្រូវបានកាត់បន្ថយក្រោមសម័យកាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump។ ទោះយ៉ាងណាក៏ដោយ លោក Biden បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានផែនការបញ្ច្រាសទង្វើដ៏ចម្រូងចម្រាសរបស់អតីតប្រធានាធិបតី Trump ដែលបានទទួលស្គាល់ទីក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែលនោះទេ។

គណៈប្រតិភូសហរដ្ឋអាមេរិកគ្រោងនឹងប្រកាសផែនការអនុវត្តហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ៊ីនធឺណែត ៤G នៅតំបន់ហ្គាហ្សា និងតំបន់ West Bank នៅចុងឆ្នាំ២០២៣ ដោយឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីនជាយូរយាណាស់មកហើយ៕

 

ប្រតិកម្មទៅវិញ