អ្នកទោសជាង ៣.៧០០ នាក់ ត្រូវបានលើកលែងទោសតាមសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងហាណូយ ការិយាល័យប្រធានរដ្ឋបានសម្របសម្រួលជាមួយក្រសួងនគរបាល និងស្ថាប័នពាក់ព័ន្ធធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋអំពីការលើកលែងទោសឆ្នាំ ២០២៤។

អ្នកទោសជាង ៣.៧០០ នាក់ ត្រូវបានលើកលែងទោសតាមសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ - ảnh 1តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមក្នុងសន្និសីទសារព័ត៌មានស្តីពីការលើកលែងទោសក្នុងឆ្នាំ២០២៤  (រូបថត៖ VGP/LS)

យោងតាមសេចក្តីសម្រេចចិត្តលើកលេងទោសឆ្នាំ ២០២៤ របស់ប្រធានរដ្ឋ ដែលទើបនឹងប្រកាស លោកប្រធានរដ្ឋបានសម្រេចផ្តល់ការលើកលែងទោសដល់ទណ្ឌិតចំនួន ៣.៧៦៣ នាក់ដែលកំពុងជាប់ពន្ធនាគារ។ សេចក្តីសម្រេចលើកលែងទោសនេះ ចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Pham Thanh Ha បានឲ្យដឹងថា៖ “ការពិចារណាលើកលែងទោសត្រូវបានអនុវត្តទៅតាមបទប្បញ្ញត្តិនៃច្បាប់។ ដូចការលើកលែងទោសដែលបានអនុវត្តជាច្រើនឆ្នាំមកនេះ នៅពេលពិចារណាលើការលើកលែងទោស គោលការណ៍មួយចំនួនត្រូវអនុវត្តតាម ពោលគឺការលើកលែងទោស ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តឹងរ៉ឹង បើកចំហ និងតាមបែបប្រជាធិបតេយ្យ ធានាបាននូវភាពយុត្តិធម៌ ចំមុខសញ្ញានិងលក្ខខណ្ឌស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីឲ្យទណ្ឌិតដែលមានសិទ្ធិទាំងអស់ត្រូវបានពិចារណា ហើយមិនអនុញ្ញាតឲ្យទណ្ឌិតណាដែលមិនបំពេញលក្ខខណ្ឌកំណត់ត្រូវបានពិចារណាលើការលើកលែងទោសឡើយ”។

ការលើកលែងទោសគ្មានការរើសអើង ឬកំណត់អ្នកទោសណាក៏ដោយ មិនថាអ្នកទោសវៀតណាម ឬជនបរទេសនោះទេ។ ទាក់ទិននឹងករណីជនបរទេសដែលទទួលបានការលើកលែងទោសលើកនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet បានឲ្យដឹងថា មានទណ្ឌិត២០នាក់ដែលមានសញ្ជាតិបរទេស។

“បន្ទាប់ពីករណីទាំងនេះត្រូវបានលើកលែងទោសរួច ក្រសួងការបរទេសនឹងផ្ញើកំណត់ទូតទៅកាន់ភ្នាក់ងារតំណាងការទូតនិងស្ថានកុងស៊ុលនៃប្រទេសពាក់ព័ន្ធ ដោយស្នើសុំឱ្យទីភ្នាក់ងារការទូតនិងស្ថានកុងស៊ុល ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរវៀតណាមក្នុងការទទួលជនដែលបានលើកលែងទោស ដើម្បីនាំមនុស្សទាំងនេះវិលត្រឡប់ទៅប្រទេសវិញ ឬទៅកាន់កន្លែងរស់នៅសមស្របនិងសុវត្ថិភាព”។

ក្នុងសន្និសីទសារព័ត៌មានផងដែរនោះ ស្ថាប័នមានសមត្ថកិច្ចបានឲ្យដឹងថា រដ្ឋាភិបាលបានដឹកនាំក្រសួងនគរបាល និងគណៈកម្មាធិការប្រជាជនក្រុង-ខេត្ត អនុវត្តគោលនយោបាយ ដើម្បីឲ្យប្រជាពលរដ្ឋដែលលើកលែងទោសសម្របខ្លួនក្នុងសហគមន៍បានឆាប់ៗ៕

ប្រតិកម្មទៅវិញ