រូបភាព៖ រ៉យទ័រ |
នាថ្ងៃទី ១០ ខែមេសា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា បើទោះបីជាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកំពុងស្ថិតក្នុងស្ថានភាពតានតឹងក៏ដោយ ប៉ុន្តែភាគីទាំងពីរនៅតែចរចាអំពីដំណើរទស្សនកិច្ចនៅចិនរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Janet Yellen និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo ។
ទំនាក់ទំនងចិន-អាមេរិកបន្តមានភាពតានតឹងនាប៉ុន្មានខែដើមឆ្នាំ ២០២៣។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនាដើមខែកុម្ភៈ ក្រោយពីរឿងបាឡុងចារកម្មហោះឆ្លងកាត់ដែនអាកាសអាមេរិក។ នាពេលថ្មីៗនេះ ប្រធានសភាជាន់ទាបសហរដ្ឋអាមេរិក បានជួបថ្នាក់ដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen នៅរដ្ឋកាលីហ្វ័រញ៉ា ក៏ប្រឈមនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីចិនផងដែរ។ រីឯភាគីអាមេរិក លោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិកមានបំណងចង់នាំទំនាក់ទំនងទ្វេភាគីវិលត្រឡប់មកមូលដ្ឋានដ៏ល្អប្រសើរជាងមុនផងដែរ៕