លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Duong Giang) |
នៅថ្ងៃទី ២៩ ខែមេសា ថ្លែងនៅក្នុងកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល ខែមេសា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២ បានឆ្លងកាត់ផ្លូវមួយភាគបីហើយ។ ក្នុងខែមេសានេះ ទោះបីជាស្ថានភាពពិភពលោកនិងក្នុងស្រុករងផលប៉ះពាល់ច្រើនក៏ដោយ ក៏ស្ថានភាពសេដ្ឋកិច្ចសង្គមមានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យកត់សម្គាល់៖
“យើងរីករាយណាស់ដែលទោះបីជាយើងស្ថិតក្នុងស្ថានភាពលំបាករួមរបស់ពិភពលោកក៏ដោយ ប៉ុន្តែ ស្ថាន ភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៤ ខែជាទូទៅបានបន្តនិន្នាការងើបឡើងវិញជាវិជ្ជមាន និងសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើននៅក្នុងវិស័យស្ទើរតែទាំងអស់ ទាំងក្នុងវិស័យឧស្សាហកម្ម សេវាកម្ម កសិកម្ម និងវិស័យផ្សេងៗទៀតផងដែរ។ ជាពិសេស សន្តិសុខនិងការពារជាតិ ក្នុងការជំរុញទំនាក់ទំនងការបរទេស សមាហរណកម្មស៊ីជម្រៅ ហើយសំខាន់បំផុត គឺជីវភាពរស់នៅរបស់ប្រជាជនត្រូវបានពង្រឹងទាំងផ្នែកស្មារតីនិងផ្នែកសម្ភារៈ ហើយជំនឿជាក់របស់ប្រជាជនចំពោះបក្សនិងរដ្ឋបន្តត្រូវបានពង្រឹងនិងពង្រីក”។
ថ្វីត្បិតដូច្នេះក៏ដោយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ននានាវាយតម្លៃឱ្យបានដិតដល់នូវស្ថានភាពជាក់ស្តែងនិងដាក់ចេញដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាពសម្រាប់រយៈពេលខាងមុខ នៅពេលមានការព្យាករណ៍ពីការលំបាកជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវគ្រប់គ្រងជំងឺរាតត្បាតឱ្យបានល្អ ដោយគ្មានការធ្វេសប្រហែសទាល់តែសោះ ព្រោះពេលនេះវិស័យទេសចរណ៍បានបើកទ្វារហើយ។ ក្រសួងសុខាភិបាល ត្រូវផ្តោតលើការពន្លឿនការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង ធានាសុវត្ថិភាព ទាន់ពេលវេលា និងប្រសិទ្ធភាព៕