សេចក្តីប្រកាសពិសេស

Chia sẻ

(VOVWORLD) - គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមគ្រួសារ សូមជូនដំណឹងដោយក្ដីសោកស្តាយជាទីបំផុត៖

លោក Nguyen Phu Trong អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លេខាគណៈកម្មាធិការយោធាមជ្ឈិម ប្រសូត្រនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៤៤; ស្រុកកំណើត៖ ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ ទីលំនៅអចិន្ត្រៃយ៍នៅផ្ទះលេខ ៥ វិថី Thien Quang សង្កាត់ Nguyen Du ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ។

ចូលរួមការងារចាប់តាំងពីឆ្នាំ ១៩៦៧; ចូលជាបក្ខជន បក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៦៧។ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ៧ ៨ ៩ ១០ ១១ ១២ ១៣; សមាជិកការិយាល័យនយោបាយនីតិកាលទី ៨ ៩ ១០ ១១ ១២ ១៣; ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី ១១ ១២; អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១១ ១២ ១៣; ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមអាណត្តិ ២០១៦ - ២០២១ ប្រធានក្រុមប្រឹក្សាការពារជាតិ-សន្តិសុខ; លេខាគណៈកម្មការយោធាមជ្ឈិម; សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិម; ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន។ សមាជិករដ្ឋសភានីតិកាលទី ១១ ១២ ១៣ ១៤ ១៥។

ក្រោយពេលកើតរោគាពាធដ៏ធ្ងន់ធ្ងរ បើទោះបីត្រូវបានបក្ស រដ្ឋ សមូហភាពសាស្រ្តាចារ្យ គ្រូពេទ្យ និងអ្នកជំនាញខាងសុខាភិបាលជួរមុខ យកចិត្តទុកដាក់ព្យាបាល ក្រុមគ្រួសារថែទាំដោយអស់ពីចិត្តពីថ្លើម ប៉ុន្តែដោយសារអាយុច្រើន និងរោគាពាធធ្ងន់ធ្ងរ លោកអគ្គលេខាបក្សបានទទួលមរណភាពនាវេលាម៉ោង ១៣ និង ៣៨ នាទីថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ ក្នុងជន្មាយុ ៨០ ឆ្នាំ។

ក្នុងរយៈពេលជិត ៦០ ឆ្នាំធ្វើការ លោកអគ្គលេខាបក្ស Nguyen Phu Trong មានគុណូបការៈដ៏ធំធេង និងឆ្នើមពិសេសជាច្រើន ចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រជាជាតិ។ លោកអគ្គលេខាបក្ស ត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសផ្កាយមាស សញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ រួមជាមួយគ្រឿងឥស្សរិយយស និងមេដាយជាច្រើនទៀតពីប្រទេសវៀតណាម និងអន្តរជាតិ។

មរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក។ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងរំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្រេចចិត្តរៀបចំពិធីបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong តាមពិធីកាន់ទុក្ខថ្នាក់ជាតិ៕

ប្រតិកម្មទៅវិញ