សេចក្តីថ្លែងការណ៍រួម រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និង ព្រះរាជាណាចក្រកម្ពុជា

Chia sẻ
(VOVWORLD) - 

តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍រួម រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និង ព្រះរាជាណាចក្រកម្ពុជា - ảnh 1សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ដោយមានបំណងប្រាថ្នារួមក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យបានកាន់តែរីកចម្រើនស្រប តាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង គោរពឯករាជ្យភាព អធិបតេយ្យ និងបូរណភាព ទឹកដីរបស់ប្រទេសរៀងខ្លួន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងដោះស្រាយបញ្ហា ដែលកើតឡើងរវាងប្រទេសទាំងពីរដោយសន្តិវិធី។

ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដែលនឹងរួម ចំណែកដល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចមួយដែលឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ខណៈដែលធានាឱ្យបាននូវសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក៏ដូចជាស្ថាប័ន និងគោលនយោបាយ ដែលរួមបញ្ចូលទាំងការពនឿនការបញ្ចប់ ផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ឆ្នាំ ២០៣០។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយផ្អែកលើគោលការណ៍ ដែលមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបង្ក អន្តរាយដល់សន្តិសុខ និងផលប្រយោជន៍របស់ភាគីម្ខាងទៀត។ ភាគីទាំងពីរបានអះអាងសាជាថ្មីថានឹងធ្វើ ការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនានាដែលបានចូល ជាធរមាន និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនូវយន្តការដែលមានស្រាប់លើកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីពង្រឹងការសម្របសម្រួលក្នុងការថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារ ព្រំដែន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការការពារផ្នែកកុងស៊ុល ដល់ប្រជាជន ស្របតាមអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងកុងស៊ុល ឆ្នាំ១៩៦៣ ក្នុងការដោះស្រាយ ឧក្រិដ្ឋកម្មឆ្លងដែននានាដូចជា ការជួញដូរមនុស្ស និងគ្រឿងញៀន ក៏ដូចជាការការពារសន្តិសុខតាម ប្រព័ន្ធអឺនធឺណិតផងដែរ។ ភាគីទាំងពីរក៏បានឯកភាពបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងការស្វែងរក ការទៅយក និងប្រគល់ជូនវិញនូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតនៅកម្ពុជា ពនឿនការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីប្រទេស វៀតណាមមកប្រទេសកម្ពុជា ដោយផ្អែកលើស្មារតីនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សេចក្តីថ្លែងការណ៍រួម រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និង ព្រះរាជាណាចក្រកម្ពុជា - ảnh 2សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភាគីទាំងពីរឯកភាពគ្នាកសាងព្រំដែនគោកប្រកបដោយសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរបានឯកភាពលើតម្រូវការក្នុងការចុះ កិច្ចព្រមព្រៀងស្ដីពីច្រកព្រំដែនគោករវាងប្រទេសទាំងពីរ ដែលនឹងជំនួសបទប្បញ្ញត្តិនៅក្នុងកិច្ចព្រមព្រៀង ឆ្នាំ១៩៨៣ ស្តីពីលក្ខន្តិកៈព្រំដែននាពេលខាងមុខ។ ភាគីទាំងពីរក៏បាន ឯកភាពក្នុងការលើកកម្ពស់ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យច្រកព្រំដែន ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និង កិច្ចសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងក្របខណ្ឌពហុភាគី ដូចជាអង្គការសហប្រជាជាតិ និង អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងសកលលោក និងក្នុងតំបន់ ព្រមទាំងក្នុងវេទិកាអនុតំបន់ ដែលរួមមាន យន្តការនានានៃសហប្រតិបត្តិការមេគង្គ ដើម្បីធានាបាននូវការអភិវឌ្ឍ ការគ្រប់គ្រង ការប្រើប្រាស់ និងការអភិរក្សធនធានទឹកទន្លេមេគង្គ និងធនធានផ្សេងៗ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងនិរន្តរភាព។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីគោលជំហររួមរបស់អាស៊ានស្តីពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុង និង លើអាកាសនៅសមុទ្រខាងកើត ជំរុញការសន្ទនា ពង្រឹងទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក ប្រកាន់ភាពអត់ធ្មត់ បន្តការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដែលរួមមាន អនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២(UNCLOS) ដោយ មិនប្រើការគម្រាមកំហែង ឬកម្លាំង ធានាឱ្យបាននូវការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រខាងកើត (DOC) ទាំងស្រុង និងធ្វើការឈានទៅបញ្ចប់ឲ្យ បានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលមានខ្លឹមសារ និងមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ។

ប្រតិកម្មទៅវិញ