នគរបាលខេត្ត Nghe An សហការជាមួយសម្ព័ន្ធសមាគមនារីខេត្ត ឃោសនាអំពីការបង្ការទប់ស្កាត់និងប្រឆាំងការជួញដូរមនុស្សក្នុងសហគមន៍។ រូបថត៖ Minh Hien/dangcongsan.vn |
នាយប់ថ្ងៃទី ២៩ កក្កដា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធសមាគមន៍នារី វៀតណាម សហការជាមួយក្រសួងនគរបាល បានប្រារព្ធពិធីបំផុសការជួយជ្រោម ជ្រែង “ទិវាពិភពលោកបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស” (ថ្ងៃទី ៣០ កក្កដា) និង “ទិវា ប្រជាជនទាំងមូលបង្ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស" សំដៅបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការទប់ស្កាត់ការជួញដូរមនុស្ស។
ថ្លែងមតិក្នុងពិធីនេះ ប្រធានមជ្ឈិមសម្ព័ន្ធសមាគមន៍នារីវៀតណាម លោកស្រី Ha Thi Nga បានឲ្យដឹងថា ការជួញដូរមនុស្សតែងតែជាបញ្ហាក្តៅគគុក មិនត្រឹមតែចំពោះ ប្រទេសតែមួយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាបញ្ហាសកលហើយ។ លោកស្រី Ha Thi Nga បានសង្កត់ធ្ងន់ថា៖ “សម្ព័ន្ធសមាគមន៍នារីវៀតណាមនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅជួយឧបត្ថម្ភគាំទ្រ ៨០% នៃជនរងគ្រោះដោយអំពើហឹង្សានិងការជួញដូរ នៅ ពេលបានវិលត្រឡប់វិញអាចទទួលបានសេវាគាំទ្រសង្គមយ៉ាងហោចណាស់មួយ។ ជាពិសេស សមាគមនឹងបង្កើនការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងដល់ សមាជិកា នារី និងប្រជាជនអំពីការប្រើប្រាស់បណ្តាញសង្គមដោយសុវត្ថិភាព ដើម្បី កាត់បន្ថយហានិភ័យនៃការជួញដូរមនុស្សនិយាយដោយឡែក និងបទល្មើសនានា និយាយរួមនៅលើលំហអ៊ីនធឺណិតផងដែរ”។
ប្រធានបទនៃ "ទិវាពិភពលោកបង្ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស" ឆ្នាំ ២០២២ គឺ "ការប្រើប្រាស់និងការរំលោភបំពានលើលំហអ៊ីនធឺណិត"។ វៀតណាមកំពុង ធ្វើសកម្មភាព អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទិដ្ឋភាពនៃការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយមានភារកិច្ចសំខាន់ៗចំនួន ៥ ក្នុងនោះ យកចិត្តទុកដាក់ជាពិសេសទៅលើការឃោសនា និងផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស៕