លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញទទួលជួបលោក Chung Eui Yong រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង (រូបថត៖ TTXVN) |
លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានសង្កត់ធ្ងន់ថាភាគីទាំងពីរចាំបាច់ត្រូវបន្តពង្រឹងនិងពង្រីកជំនឿទុកចិត្តនយោបាយ; សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២២ ខាងមុខ ព្រមទាំង លើកទឹកចិត្តនិងធានានូវលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសកូរ៉េខាងត្បូងបន្តវិនិយោគនិងពង្រីកទំហំវិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានជួយដល់ វៀតណាមក្នុងការប្រយុទ្ធជំងឺកូវីដ ១៩ ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យកូរ៉េខាងត្បូងផ្តល់អាទិភាពក្នុងការចែករំលែកនិងគាំទ្រដល់ការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ ដល់វៀតណាមឱ្យបានឆាប់ៗ ។ ទន្ទឹមនឹងនេះពិចារណាគាំទ្រវៀតណាមក្នុងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង។ ស្តីពីបញ្ហាក្នុងតំបន់និងអន្តរជាតិលោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី និងក្នុងទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង ហើយ យកចិត្តទុកដាក់និងគាំទ្រគោលជំហរលើកិច្ចការពារសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពសេរីភាពនាវាចរណ៍ អាកាសចរណ៍ និងគោរពច្បាប់ជាចម្បងជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ នៅសមុទ្រខាងកើត។
ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN) |
ជាការឆ្លើយតប លោករដ្ឋមន្រ្តី Chung Eui Yong បានមានប្រសាសន៍ថារដ្ឋាភិបាលកូរ៉េខាងត្បូង ថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនួញនិងសហគ្រាសកូរ៉េខាងត្បូង ក្នុងការធ្វើអាជីវកម្មនៅវៀតណាម។ ទន្ទឹមនឹងនេះលោកបានបញ្ជាក់ថាក្រសួងការបរទេសកូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាមនៅវេទិកាក្នុងតំបន់និងអន្តរជាតិផងដែរ៕