វៀតណាមនិងចិនលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៧ កក្កដា នៅវិមានប្រធានរដ្ឋ លោក To Lam ប្រធានរដ្ឋវៀតណាមបានទទួលជួបលោក Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។

វៀតណាមនិងចិនលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1លោក To Lam ប្រធានរដ្ឋវៀតណាមទទួលជួបលោក Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ To Lam បានទទួលស្គាល់ និងវាយតំលៃខ្ពស់ចំពោះការរួមចំណែកសំខាន់ៗរបស់លោកឯកអគ្គរដ្ឋទូត Xiong Bo ចំពោះទំនាក់ទំនងវៀតណាម - ចិន ជាពិសេសគឺការពង្រីកប្រសិទ្ធភាពនៃតួនាទីជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការ រួមចំណែកនាំទំនាក់ទំនងទ្វេភាគីឆ្ពោះទៅការអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយនិងជាក់ស្ដែង។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ To Lam និងលោកឯកអគ្គរដ្ឋទូត Xiong Bo បានពិភាក្សាអំពីទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ To Lam បានស្នើឲ្យភាគីទាំងពីរបន្តជំរុញ និងលើកកំពស់គុណភាព ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន ក៏ដូចជាពង្រឹងថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Xiong Bo បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនចិន គាំទ្រវៀតណាមយ៉ាងខ្ជាប់ខ្ជួនក្នុងការរក្សាស្ថិរភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាព; ជឿជាក់ថា វៀតណាមនឹងសម្រេចប្រកបដោយជោគជ័យនូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិរហូតដល់ពាក់កណ្តាលសតវត្សន៍នេះ ដូចដែលបានកំណត់ដោយមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។

អំពីបញ្ហានៅសមុទ្រ ភាគីទាំងពីរបានឯកភាពលើការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងការយល់ដឹងជាន់ខ្ពស់ ការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឲ្យកាន់តែល្អ មិនទុកឱ្យបញ្ហាសមុទ្រខាងកើតប៉ះពាល់ដល់ទំនាក់ទំនងរួមរវាងប្រទេសទាំងពីរដែលកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ រួមចំណែកដល់សន្តិភាព ស្ថិរភាព  ការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ