ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំ ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពនៅយេម៉ែន |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ១៨ ខែសីហាបានបើកកិច្ចប្រជុំ ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពនៅយេម៉ែនក្នុងបរិបទ ដែលស្ថានភាព នៅតំបន់ជាច្រើននៅយេម៉ែន កាន់តែអាក្រក់ទៅៗដែលនាំឱ្យជនស៊ីវិលជាច្រើននាក់បានស្លាប់ និងរងរបួស ហើយបណ្ដាកម្មវិធីមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់យេម៉ែនមានហានិភ័យត្រូវបញ្ឈប់ដោយសារតែខ្វះថវិកា ដើម្បីប្រតិបត្តិការ។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅយេម៉ែន ព្រមទាំងគាំទ្រផែនការសន្តិភាព ៣ ចំណុចរបស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីយេម៉ែន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ទៅលើ កាតព្វកិច្ចការពារជនស៊ីវិលជាពិសេសស្ត្រីនិងកុមារ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីឧបសគ្គស្នូល ៗ ក្នុងការអនុវត្តកិច្ចព្រមព្រៀង Stockholm កិច្ចព្រមព្រៀង Riyadh រួមទាំងការប្តេជ្ញាចិត្តរបស់ភាគីនានានៅយេម៉ែនទៀតផង៕