វៀតណាម - មីយ៉ាន់ម៉ា ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែធ្នូ នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ១៦-១៨ ធ្នូ។ 
វៀតណាម - មីយ៉ាន់ម៉ា ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ - ảnh 1នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi (រូបថតៈ TTXVN)

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក ពេទ្យយោធា ឧស្សាហកម្មការពារជាតិភស្តុភារការ ជួយ សង្គ្រោះ ក៏ដូចជាការគ្រប់គ្រងព្រំដែន ការស៊ើបការណ៍ការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្មការធ្វើចំណាកស្រុកខុសច្បាប់ និងការលាង លុយកខ្វក់រវាងវៀតណាមនិងមីយ៉ាន់ម៉ា។

ក្នុងជំនួបនេះ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បានអះអាងថា នឹងបន្តជួយសម្រួលនិងកាត់បន្ថយរបាំងបច្ចេកទេសលើការនាំចេញរបស់វៀតណាម។ ម្យ៉ាងវិញទៀត ពន្លឿនដំណើរការផ្តល់អាជ្ញាប័ណ្ណ ដោយមានយន្តការលើកទឹកចិត្តនិងគោលនយោបាយសម្រាប់វិនិយោគិនវៀតណាម។ ជាពិសេស បង្កលក្ខណៈងាយស្រួលដល់ការិយាល័យតំណាង និងសាខានានារបស់ធនាគារវៀតណាមដើម្បីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅមីយ៉ាន់ម៉ា។

អញ្ជើញជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ចំពោះសំណើររបស់មីយ៉ាន់ម៉ា ដោយបង្កើតមណ្ឌលឧស្សាហកម្មវៀតណាមមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងបានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ និងលើកទឹកចិត្តសហគ្រាសវៀតណាម ក្នុងការធ្វើវិនិយោគទុនចូលមីយ៉ាន់ម៉ា ដោយចាត់ទុកថានេះជាទីផ្សារគន្លឹះនាពេលអនាគត រួមទាំងស្វាគមន៍អាជីវកម្មមីយ៉ាន់ម៉ាមកវិនិយោគនៅវៀតណាមផងដែរ។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរនូវទិសដៅដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដូចជាកសិកម្ម ទូរគមនាគមន៍ រ៉ែ ថាមពល និងសំណង់ជាដើម។ ភាគីទាំងពីរបានអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងបណ្តាវេទិកាតំបន់និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ាននិងយន្តការសហប្រតិបត្តិការអនុតំបន់ផ្សេងទៀត។ ភាគីទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត; ការដោះស្រាយជំលោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ របស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានសន្យា គាំទ្រដល់ការអនុវត្តពេញលេញនៃសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងមានការចាប់បង្ខំដោយច្បាប់។

វៀតណាម - មីយ៉ាន់ម៉ា ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ - ảnh 2ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ TTXVN) 

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារសហប្រតិបត្តិការសំខាន់ៗចំនួន ៣ រួមមាន ផែនការសកម្មភាពសម្រាប់ការអនុវត្តភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - មីយ៉ាន់ម៉ា ដំណាក់កាល ២០១៩-២០២៤, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មនិងអភិវឌ្ឍន៍ជនបទ, អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ  ព្រមទាំងពិធីប្រគល់កំណត់ទូត ស្តីពីវិសោធនកម្មលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតានៃប្រទេសទាំងពីរ និងធ្វើសន្និសីទសារព័ត៌មានជាមួយអ្នកកាសែតនៃប្រទេសទាំងពីរផងដែរ។

 អញ្ជើញថ្លែងក្នុងសន្និសីទកាសែត នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ចំណុចភ្លឺបំផុតដែលយើងចាប់អារម្មណ៍គឺពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ រហូតដល់ឆ្នាំនេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនលើសកម្រិតដែលបានដាក់ចេញគឺ ១ ពាន់លានដុល្លារអាមេរិក ហើយទំនងជានឹងបន្តកើនឡើងយ៉ាងខ្លាំងថែមទៀតផង ដែរ។ វៀតណាមគឺជាប្រទេសវិនិយោគិននៃក្រុមជួរមុខដែលវិនិយោគនៅ មីយ៉ាន់ ម៉ា ជាមួយនឹងគម្រោងវិនិយោគជាង ២០ គម្រោង។ យើងក៏បានពិភាក្សាដើម្បីដក ចេញនូវបញ្ហាដែលបានលើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគបន្ថែមទៀតនាពេលខាងមុខ។ ទន្ទឹមជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិសន្តិសុខនិងកិច្ចការបរទេស ដោយបង្ហាញការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុក ដាក់ដូចគ្នា។ នៅក្នុងបញ្ហាសមុទ្រខាងកើត យើងបានពិភាក្សានិងគាំទ្រទស្សនៈរបស់អាស៊ាន ក្នុងការកសាងសមុទ្រខាងកើតប្រកបដោយសន្តិភាព ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ មីយ៉ាន់ម៉ាក៏បានបង្កលក្ខណៈងាយស្រួលសម្រាប់វៀតណាមដើម្បីបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ប្រកបដោយជោគជ័យ”។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមក៏បានចែករំលែកជាមួយមីយ៉ាន់ ម៉ាអំពីរបញ្ហា Rakhai ហើយនឹងបន្តរួមសហការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយភាពសុខដុមរមនា ដោយ ឈរលើមូលដ្ឋានសន្តិភាពនិងការសម្រុះសម្រួលជាតិ៕

ប្រតិកម្មទៅវិញ