គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង រ៉ូម ប្រទេសអ៊ីតាលី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN) |
នៅថ្ងៃទី៣១ ខែតុលា កិច្ចប្រជុំកំពូល ក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីរ៉ូមប្រទេសអ៊ីតាលី បានបញ្ជប់ជាផ្លូវការបន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការ។ កិច្ចប្រជុំបាននាំចេញសេចក្តីថ្លែងការណ៍រួមមួយ ហើយបានបង្ហាញពីលទ្ធផលលេចធ្លោដែលសម្រេចបានលើប្រធានបទស្នូលចំនួនបី។
លើវិស័យសុខាភិបាល សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថាការចាក់វ៉ាក់សាំងជាវិធានការសំខាន់បំផុតមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ហើយបានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្ត បង្កើនភាពស៊ាំសម្រាប់ផលប្រយោជន៍រួមនៅទូទាំងពិភពលោក។ បណ្តាប្រទេស G20 បានខិតខំធានាសិទ្ធិទទួលឱ្យបានទាន់ពេលវេលា សមភាពនិងគ្របដណ្តប់នូវវ៉ាក់សាំង ការព្យាបាល និងការធ្វើរោគវិនិច្ឆ័យសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ ជាពិសេស គោលដៅចាក់វ៉ាក់សាំងសម្រាប់ ៤០% នៃចំនួនប្រជាជនពិភពលោកនៅចុងឆ្នាំនេះ និង៧០% នៅពាក់កណ្តាលឆ្នាំ២០២២ ត្រូវបានមេដឹកនាំ G20 ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាន ក្រោមការឃ្លាំមើលរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសជាសមាជិក ។
ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការបែប្រួលអាកាសធាតុ កិច្ចប្រជុំបានអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសីតុណ្ហភាពពិភពលោកមិនឱ្យកើនឡើងលើសពី ២ អង្សាសេនៅពាក់កណ្តាលសតវត្សបើប្រៀបធៀបនឹងសម័យមុនឧស្សាហកម្ម។ ប្រទេស G20 បានអះអាងពីកិច្ចខិតខំប្រឹងប្រែងដើម្បីកៀគរថវិកាចំនួន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ មកត្រឹមឆ្នាំ២០២៥ដើម្បីជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
នៅក្នុងវិស័យសេដ្ឋកិច្ច សេចក្តីថ្លែងការណ៍បានវាយតម្លៃថាសេដ្ឋកិច្ចពិភពលោកកំពុងស្តារឡើងវិញជាបណ្តើរៗ ប៉ុន្តែនៅតែមានភាពខុសប្លែកគ្នារវាងប្រទេសនានា និងបន្តប្រឈមនឹងហានិ ភ័យជាច្រើន ជាពិសេសគឺហានិភ័យពីការបំប្លែងខ្លួនថ្មីនៃវិរុស SARS-CoV-2 ដែលបង្កជំងឺកូវីដ១៩៕