លោកប្រធានរដ្ឋ To Lam ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី១៨ មិថុនា នៅវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតប៉ាគីស្ថានលោក Kohdayar Marri; ឯកអគ្គរដ្ឋទូតម៉ូសំប៊ិក លោកស្រី Ilundi Dos Santos និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេលោក João Pereira ដែលអញ្ជើញមកជូនសារតាំង ចាប់ផ្តើមអាណត្តិបេសកកម្មនៅវៀតណាម។

លោកប្រធានរដ្ឋ To Lam ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1ឯកអគ្គរដ្ឋទូតប៉ាគីស្ថានលោក Kohdayar Marri ជូនសារតាំងដល់លោកប្រធានរដ្ឋ To Lam។ (រូបថត៖ Viet Cuong/VOV)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប៉ាគីស្ថានលោក Kohdayar Marri លោកប្រធានរដ្ឋ To Lam បានបញ្ជាក់ថា វៀតណាមគោរពទំនាក់ទំនងជាមួយប៉ាគីស្ថាន; មានបំណងចង់ឲ្យលោកឯកអគ្គរដ្ឋទូតនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងទីភ្នាក់ងារ ក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។ លោកប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមជានិច្ចកាលលើកទឹកចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មប៉ាគីស្ថានមកបណ្តាក់ទុននៅវៀតណាម ជាពិសេសលើវិស័យដែលប៉ាគីស្ថានមានប្រៀបខ្លាំងដូចជា បច្ចេកវិទ្យាព័ត៌មាន វាយនភ័ណ្ឌ ទេសចរណ៍ ការកែច្នៃម្ហូបអាហារ។

លោកប្រធានរដ្ឋ To Lam ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 2លោកប្រធានរដ្ឋ To Lam ទទួលជួបឯកអគ្គរដ្ឋទូតម៉ូសំប៊ិកលោកស្រី Ilundi Dos Santos។
(រូបថត៖ VOV)

ទទួលជួបឯកអគ្គរដ្ឋទូតម៉ូសំប៊ិកលោកស្រី Ilundi Dos Santos លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយម៉ូសំប៊ិក; ស្នើឱ្យលោកស្រីឯកអគ្គរដ្ឋទូតសម្របសម្រួលជាមួយទីភ្នាក់ងារ
វៀតណាម ដើម្បីជំរុញទំនាក់ទំនងមិត្តភាពទ្វេភាគីលើគ្រប់វិស័យ រួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិសន្តិសុខ និងការទូតប្រជាជន។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានសម្រាប់ជួយ ម៉ូសំប៊ិកពង្រីកទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ព្រមទាំង មានបំណងថា ម៉ូសំប៊ិកនឹងជាស្ពានដើម្បីជួយវៀតណាមពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងសហគមន៍អាហ្វ្រិកផងដែរ។

ទទួលជួបឯកអគ្គរដ្ឋទូតទីម័រឡេស្តេលោក João Pereira លោកប្រធានរដ្ឋវៀតណាមបានឲ្យដឹងថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលសហប្រតិបត្តិការដ៏ធំធេង រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទូរគមនាគមន៍ ការអប់រំ និងប្រេងឧស្ម័ន។ លោកប្រធានរដ្ឋមានបំណងថា ប្រទេសទាំងពីរនឹងបន្តអនុវត្តន៍កិច្ចព្រមព្រៀង ដែលបានពិភាក្សា និងចុះហត្ថលេខា; ព្រមទាំងបញ្ចប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាថ្មីៗ; លើកទឹកចិត្តវិនិយោគិននៃប្រទេសទាំងពីរឱ្យអនុវត្តន៍កម្មវិធី និងគម្រោងវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ