ប្រធានរដ្ឋវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២៦ មិថុនា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាមលោក To Lam បានទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមលោក Sandeep Arya។

ប្រធានរដ្ឋវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម - ảnh 1ប្រធានរដ្ឋវៀតណាមលោក To Lam ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម
លោក Sandeep Arya។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ To Lam បានផ្ញើសេចក្ដីអបអរសាទរជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនឥណ្ឌា ដែលបានរៀបចំការបោះឆ្នោតសភាជាន់ទាបនីតិកាលទី ១៨ នាពេលថ្មីៗនេះដោយជោគជ័យ ហើយសម្ដែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីនាបច្ចុប្បន្ន ឥណ្ឌានឹងបន្តអភិវឌ្ឍន៍កាន់តែខ្លាំងក្លា ក៏ដូចជាដើរតួនាទី និងមានឋានៈកាន់តែខ្ពស់ក្នុងតំបន់ និងអន្តរជាតិ។

លោកប្រធានរដ្ឋ បានសម្ដែងនូវសេចក្តីរីករាយចំពោះការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជិត ១៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ហើយជឿជាក់ថាប្រទេសទាំងពីរអាចសម្រេចបានកម្រិត ២០ ពាន់លានដុល្លារនាពេលឆាប់ៗនេះ។ លោកប្រធានរដ្ឋបានស្វាគមន៍សម្ព័ន្ធក្រុមហ៊ុនធំៗរបស់ឥណ្ឌា មកបណ្តាក់ទុននៅវៀតណាមក្នុងវិស័យយុទ្ធសាស្ត្រនានា ដូចជា៖ប្រេងឧស្ម័ន ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែសមុទ្រ និងវិស័យដែលទើបលេចចេញ ដូចជាការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត ថាមពលស្អាត និងការផ្លាស់ប្ដូរថាមពល; លើកទឹកចិត្តឱ្យប្រទេសទាំងពីរពង្រីកទំនាក់ទំនងខាងប្រពៃណីវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះឥណ្ឌាក្នុងការអនុវត្តយ៉ាងខ្លាំងក្លានូវគោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅខាងកើត” តាមរយៈសកម្មភាពសហប្រតិបត្តិការជាក់ស្តែង ជាមួយបណ្តាប្រទេសក្នុងសមាគមអាស៊ីអាគ្នេយ៍ - អាស៊ាន រួមទាំងវៀតណាមផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Sandeep Arya បានអះអាងថា នឹងបន្តខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ រៀបចំដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់នាពេលខាងមុខ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌។ - ទេសចរណ៍ និងពង្រីកទៅកាន់វិស័យថ្មីៗ៕

ប្រតិកម្មទៅវិញ