ក្រសួងការបរទេសរុស្ស៊ីក៏បានកោះហៅឯកអគ្គរដ្ឋទូតហ្វាំងឡង់ដើម្បីបង្ហាញពីការប្រឆាំងជំទាស់ទៅនឹង "គោលជំហរប្រឆាំងរុស្ស៊ី"របស់ទីក្រុង Helsinki ។ នេះជាកាយវិការថ្មីបំផុតរបស់រុស្ស៊ី ដើម្បីឆ្លើយតបនឹងសេចក្តីប្រកាសរបស់ហ្វាំងឡង់កាលពីថ្ងៃទី៦ ខែមិថុនា ដែលបានបណ្តេញអ្នកការទូតរុស្ស៊ី ៩នាក់ ដោយចោទប្រកាន់ពួកគេថា កំពុងអនុវត្តន៍បេសកកម្មស៊ើបការណ៍សម្ងាត់។
ស្ថានកុងស៊ុលហ្វាំងឡង់នៅទីក្រុង St. Petersburg ។ ប្រភព៖ Themoscowtimes |
នៅថ្ងៃដដែលនោះ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto បានហៅសកម្មភាពរបស់រុស្ស៊ីជា "ការឆ្លើយតបដ៏តឹងរឹង និងមិនសក្ដិសមនឹងការសម្រេចបណ្តេញអ្នកការទូតរុស្ស៊ីដែលហ្វាំងឡង់បានធ្វើកាលពីខែមុន"។ យោងតាមមេដឹកនាំហ្វាំងឡង់ ប្រទេសនេះកំពុងរៀបចំដើម្បីឆ្លើយតបជាមួយនឹងសកម្មភាពស្រដៀងគ្នានេះដែរ រួមទាំងការបិទស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Turku; ទន្ទឹមនឹងនោះ ក្រសួងការបរទេសហ្វាំងឡង់បានប្រកាស នឹងបន្តរឹតបន្តឹងការធ្វើដំណើរមិនសំខាន់របស់ពលរដ្ឋរុស្ស៊ីទៅកាន់ ឫឆ្លងកាត់ហ្វាំងឡង់ទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់ Schengen ហើយនឹងរឹតបន្តឹងចំពោះអ្នកដំណើរអាជីវកម្ម ម្ចាស់អចលនទ្រព្យ និងនិស្សិតផងដែរ។
គួរបញ្ជាក់ថា ទំនាក់ទំនងរុស្ស៊ី-ហ្វាំងឡង់មានភាពតានតឹងបន្ទាប់ពីហ្វាំងឡង់បានចូលរួមអង្គការ ណាតូ កាលពីខែមេសា ដោយបោះបង់ចោលគោលនយោបាយមិនចងសម្ព័ន្ធភាពយោធាដែលអូសបន្លាយរាប់ទសវត្សរ៍មកហើយ។ ហ្វាំងឡង់ក៏បានសាងសង់របងព្រំដែនដ៏រឹងមាំជាមួយរុស្ស៊ីផងដែរ៕