រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ។ (រូបថត៖ Kyodo) |
រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានសង្កត់ធ្ងន់ថា គំនិតផ្ដួចផ្ដើមសន្តិសុខសកល (GSI) បានលើកតម្កើងចក្ខុវិស័យស្តីពីសន្តិសុខរួម ទូលំទូលាយ កិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តរភាព;ប្រដេញតាមគោលដៅយូរអង្វែងគឺកសាងសហគមន៍សន្តិសុខ និងគាំទ្រដំណើរការថ្មីសម្រាប់សន្តិសុខជាមួយនឹងការសន្ទនាជំនួសឲ្យការប្រឈមមុខដាក់គ្នា កិច្ចសហប្រតិបត្តិការជំនួសឲ្យសម្ព័ន្ធភាព និងឈរលើមូលដ្ឋាននៃផលប្រយោជន៍របស់គ្នាទៅវិញទៅមក។
ក្រោយរយៈពេលជិត១ឆ្នាំចាប់តាំងពីប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងជាលើកដំបូងនៅក្នុងវេទិកាអាស៊ី-បូអាវ (ខែមេសា ឆ្នាំ២០២២)មក GSI ត្រូវបានបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺអាមេរិកវាយតម្លៃថាជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការបង្ហាញតួនាទីសន្តិសុខកាន់តែកើនឡើង និងកំណត់វិធីសាស្រ្តអភិក្រមរបស់ចិន ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ។ ក្នុងពេលជាមួយគ្នានោះ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-Moon បានវាយតម្លៃថា GSI មានចំណុចភ្លឺស្វាងជាច្រើនដូចជាលើកកម្ពស់មជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការគ្រប់គ្រងសន្តិសុខ ជំរុញការសម្របសម្រួលនិងអន្តរកម្មដ៏ស្អាតស្អំរវាងប្រទេសធំៗ បង្កលក្ខណៈងាយស្រួលដើម្បីដោះស្រាយដោយសន្តិវិធីនូវបញ្ហាក្តៅគគុកតាមរយៈការសន្ទនា; ដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីហើយទន្ទឹមនឹងនោះពង្រឹងប្រព័ន្ធនិងសមត្ថភាពអភិបាលកិច្ចសន្តិសុខសកលលោកផងដែរ។
យោងតាមមជ្ឈដ្ឋានអ្នកជំនាញ នៅតែត្រូវការពេលវេលាជាច្រើនទៀតដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់ GSI ប៉ុន្តែមិនអាចបដិសេធបានទេ ថានេះគឺជាវិធីសាស្រ្តអភិក្រមដ៏ទូលំទូលាយជាង សំដៅលើកកម្ពស់តួនាទីរបស់ចិនក្នុងការដោះស្រាយបញ្ហាសន្តិសុខពិភពលោកនោះ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឲ្យ GSI ពិតជា "ថ្មីថ្មោង" និង "មានប្រសិទ្ធភាព" មិនធ្លាក់ចូលផ្លូវលំនៃគំនិតផ្តួចផ្តើមសន្តិសុខមុននោះ ចិនត្រូវមានសកម្មភាពជាក់ស្តែងថែមទៀត៕