ថ្លែងនៅចំពោះមុខសភាអ៊ីស្រាអែល ប្រមុខក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់យ៉ាងច្បាស់ថា ជម្លោះនៅតំបន់ហ្គាហ្សានាបច្ចុប្បន្នគឺយូរអង្វែង ពោពេញទៅដោយការលំបាកនិងការចំណាយខ្លាំង ប៉ុន្តែចាំបាច់។ មុននោះ អគ្គសេនាធិការនៃកងទ័ពអ៊ីស្រាអែល ឧត្តមសេនីយ៍ឯក Herzi Halevi ក៏បានព្រមានថា ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាអាចនឹងបន្តអូសបន្លាយច្រើនខែទៀត។
ទាហានអ៊ីស្រាអែលនៅទីក្រុង Khan Younis ក្នុងតំបន់ហ្គាហ្សា។ ប្រភព៖ REUTERS |
បើតាមការស្ថិតិរបស់ទីភ្នាក់ងារសុខាភិបាលប៉ាឡេស្ទីន យុទ្ធនាការវាយលុករបស់កងទ័ពអ៊ីស្រាអែលរហូតមកដល់ពេលនេះបានឆក់យកអាយុជីវិតមនុស្សជិត ២១.០០០ នាក់ និងមនុស្សជិត ៥៥.០០០ នាក់រងរបួស ដែលភាគច្រើនជាជនស៊ីវិល។
ទាក់ទិននឹងស្ថានភាពប្រយុទ្ធគ្នានៅតំបន់ព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថា ទាហានយ៉ាងតិច៩នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួច របស់កងកម្លាំង Hezbollah ទៅលើព្រះវិហារកាតូលិកមួយនៅក្នុងតំបន់ Iqrit ភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូ។ ក្រៅពីការវាយប្រហារនេះ ក្រុម Hezbollah ក៏បានបាញ់គ្រាប់រ៉ុក្កែតទៅកាន់តំបន់ Dovev, Yiftah និងកំពូលភ្នំ Dov នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ កងទ័ពអ៊ីស្រាអែលបានតបតវិញ ដោយការវាយប្រហារតាមជើងអាកាសជាបន្តបន្ទាប់ និងការបាញ់ផ្លោងយ៉ាងខ្លាំងទៅលើគោលដៅរបស់ក្រុម Hezbollah នៅតាមបណ្តោយព្រំដែន៕