ភាពតានតឹងកាន់តែកើនឡើងជាបន្តទៀតនៅច្រកសមុទ្រហុមមូស ( Hormuz) |
ឧត្តមសេនីយ៍ត្រី Ramezan Sharif បានមានប្រសាសន៍ថា នៅពេលដែលត្រូវចាប់ខ្លួននោះ នាវាដឹកប្រេង "Stena Impero" កំពុងត្រូវបាននាវាចម្បាំងអង់គ្លេសអមដំណើរហើយលោកក៏បានចោទប្រកាន់ថានាវា Stena Impero ព្យាយាមជ្រៀតឈានចូលទៅក្នុងច្រកសមុទ្រ Hormuz នាពេលនោះ ដោយមិនអើពើរពីបទកំណត់ស្តីពីការធ្វើនាវាចរណ៍ ព្រមទាំងអាចបង្កឲ្យមានហានិភ័យនៃការប៉ះគ្នាជាមួយនាវាផ្សេងៗទៀតនៅពេលដែលនាវាដឹកប្រេងនេះបានទៅខុសទិសដៅផងដែរ។
នាបច្ចុប្បន្ន នាវា Stena Impero មានសមាជិកនាវឹកចំនួន ២៣ នាក់នៅលើនាវា ដែលត្រូវបានបញ្ជូនទៅកាន់កំពង់ផែ Bandar Abbas នៃប្រទេសអ៊ីរ៉ង់ហើយនាវឹកទាំងនេះនៅតែបន្តនៅលើនាវានេះរហូតដល់ពេលការស៊ើបអង្កេតរបស់មន្ត្រីអ៊ីរ៉ង់បានបញ្ចប់។ នៅពេលដែលចាប់ខ្លួន នាវានេះមានជនជាតិហ្វីលីពីនម្នាក់ ជនជាតិឥណ្ឌាចំនួន ១៨ នាក់ រុស្ស៊ីចំនួន ៣ នាក់ និងឡាតវីម្នាក់។ ទីភ្នាក់ងារជ្រើសរើសនាវឹកបានឲ្យដឹងថា គ្មានអ្នករងរបួសទេ ហើយនាវឹកទាំងអស់សុទ្ធតែមានសុវត្ថិភាពនិងសុខភាពល្អផងដែរ៕