ពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៩ សីហា នៅរោងមហោស្រពបឹងហ្គើម (Ho Guom) នៃទីក្រុងហាណូយអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីរំលឹក ខួបលើកទី ៧៩ នៃទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៤)។ 
ពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម - ảnh 1ប្រតិភូធ្វើពិធីគោរពទង់ជាតិ (រូបថត៖ TTXVN)

អញ្ជើញចូលរួមក្នុងពិធីនេះ មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ, ប្រធានរដ្ឋសភា លោក ត្រិន ថាញ់ មិន រួមជាមួយនឹងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ តំណាងអតីតយុទ្ធជនបដិវត្តន៍ វីរៈអ្នកម្តាយវៀតណាម ជនល្បីឈ្មោះ បញ្ញវន្ត អាជីវករ និងយុវជនឆ្នើមទូទាំងប្រទេស។ខាងគណៈប្រតិភូអន្តរជាតិ មានវត្តមានលោក Saadi Salama ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃរដ្ឋប៉ាឡេស្ទីនប្រចាំនៅវៀត ណាម ប្រធានអង្គភាពការទូតនិងឯកអគ្គរដ្ឋទូត ភារធារីនិងប្រធានតំណាងអង្គការអន្តរជាតិនៅទីក្រុងហាណូយ។

ថ្លែងមតិក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹមបានអះអាងថា ក្នុងរយៈពេល ៧៩ ឆ្នាំកន្លងទៅ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមទាំងមូលបានរួមសាមគ្គីគ្នាដោយស្មារតីសាមគ្គីភាពអន្តរជាតិ នាំបដិវត្តន៍វៀតណាម ដណ្តើមបានជ័យជំនះ រំដោះប្រទេសជាតិ ឯកភាពប្រទេសជាតិដើម្បីឈានឡើងសង្គមនិយម។ វៀតណាមបានក្លាយទៅជានិមិត្តរូបនៃសន្តិភាព ស្ថិរភាព បដិសណ្ឋារកិច្ច និងជាគោលដៅសម្រាប់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម  បានឲ្យដឹងថា បក្ស រដ្ឋ និងប្រជាជន វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឈានទៅដល់គោលដៅក្នុងពេលឆាប់ៗ អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហា សន្និបាតបក្សលើកទី ១៣ ដោយទន្ទឹងរង់ចាំដល់ឆ្នាំ ២០២៥ អបអរសាទរខួបលើកទី ៨០ នៃទិវាឯករាជ្យ និងនៅឆ្នាំ ២០៤៥ ជាខួប១០០ឆ្នាំនៃការបង្កើតប្រទេស នាំវៀតណាមជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់ ប្រជាជនមានជីវភាពធូរធារ និងសប្បាយរីករាយ រស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព   គ្មានអ្នកណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយឡើយ។  

ពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញថ្លែងក្នុងពិធីអបអរសាទរ (រូបថត៖ TTXVN)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមានប្រសាសន៍ថា៖ “បក្ស រដ្ឋ និងប្រជាជនវៀតណាមសង្ឃឹមថា នឹងបន្តទទួលបានការគាំទ្រ និងកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់មិត្តភក្តិ ដៃគូ និងប្រជាជនស្រឡាញ់សន្តិភាពជុំវិញពិភពលោក ក្នុងនាមជាស្ពានតភ្ជាប់របស់អ្នកការទូត ប្រធានតំណាងអង្គការអន្តរជាតិនៅវៀតណាម និងវិនិយោគិនបរទេសក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេស។ យើងជឿជាក់យ៉ាងមុតមាំថា ដោយមានកិច្ចសហប្រតិត្តិការជិតស្និទ្ធ យើងនឹងរួមគ្នាជម្នះរាល់បញ្ហាប្រឈម ឆ្លៀតយកឱកាសដើម្បីរួមដៃគ្នាក្នុងការកសាងពិភពអភិវឌ្ឍន៍ប្រកបដោយសន្តិភាពនិងនិរន្តរភាព និងរៀបចំសណ្តាប់ធ្នាប់នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ”

តាងនាមអង្គភាពការទូត លោក Saadi Salama ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃរដ្ឋប៉ាឡេស្ទីនប្រចាំនៅវៀតណាម ប្រធានអង្គភាពការទូតបានអះអាងនូវការប្តេជ្ញាចិត្ត បន្តខិតខំប្រឹងប្រែងជំរុញនិងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមជាមួយប្រទេសនិងអង្គការអន្តរជាតិនានា តាមរយៈកិច្ច សហប្រតិបត្តិការសន្តិភាព និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីពិភព លោកសន្តិភាព សេរីភាព សមភាព វិបុលភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ