ថ្នាក់ដឹកនាំបក្សនិងរដ្ឋ តំណាងក្រសួងស្ថាប័ននានានិងក្រុមគ្រួសារ លោក Tran Dai Quang រំលឹកវិញ្ញាណក្ខ័ន្ធសព |
អញ្ជើញថ្លែងវិយោគកថានៅក្នុងពិធី អគ្គលេខាបក្សនិងជាប្រធានគណៈចាត់តាំងពិធីបុណ្យសព បានអះអាងថា សមាជិកការិយាល័យនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម Tran Dai Quang ជាថ្នាក់ដឹកនាំមួយរូប មានការលះបង់យ៉ាងច្រើនសម្រាប់បុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រទេសជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន។ ប្រធានរដ្ឋលោក Tran Dai Quang ទទួលមរណភាពជាការបាត់បង់ដ៏ធំធេងរបស់បក្ស រដ្ឋាភិបាលក៏ដូចជាក្រុមគ្រួសារសពតែម្តង។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងវិយោគថា ក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang |
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងយ៉ាងដូច្នេះ៖ “ក្នុងនាមជាសមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋ លោក Tran Dai Quang បានរួមជាមួយការិយាល័យនយោបាយ ដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ធ្វើការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រាល់សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ រាល់សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈឹម របស់រដ្ឋសភា ដោយបានរួមសហការជាមួយស្ថាប័នប្រតិបត្តិច្បាប់ទាំងអស់ អនុវត្តន៍ភារកិច្ចនិងកាតព្វកិច្ចរបស់ប្រធានរដ្ឋ ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ និងប្រធានគណៈកម្មា ធិការបញ្ជាណែនាំការកែទម្រង់យុត្តិធម៌មជ្ឈឹម ត្រឹមត្រូវតាមគោលការណ៍ គោលនយោបាយរបស់បក្ស បទបញ្ញាត្តិរបស់រដ្ឋធម្មនុញ្ញនិងច្បាប់ផងដែរ។ តាមនោះ បានរួមចំណែក ជម្រុញខ្លាំងកិច្ចការផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច បើកទូលាយទំនាក់ទំនងកិច្ចការបរទេសនិងធ្វើសមាហរណកម្មអន្តរជាតិ ជាពិសេស រក្សាស្ថិរភាពនយោបាយសង្គម លើកកម្ពស់តួនាទី ឋានៈនិងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ”។
នាព្រឹកថ្ងៃដដែល ពិធីរំលឹកវិញ្ញាណក្ខ័ន្ធសពប្រធានរដ្ឋ Tran Dai Quang ក៏បានប្រារព្វដំណាលគ្នានៅសាលប្រជុំ Thong Nhat នៃទីក្រុងហូជីមិញផងដែរ៕