ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man អញ្ជើញទទួលជួបក្រុមឯកអគ្គរដ្ឋទូត និងភារៈធារីបណ្ដាប្រទេសអាស៊ាន និងទីម័រខាងកើតប្រចាំនៅទីក្រុងហាណូយ (រូបថត៖ VNA) |
ក្នុងជំនួបជាមួយក្រុមឯកអគ្គរដ្ឋទូត និងភារៈធារីបណ្ដាប្រទេសអាស៊ាន និងទីម័រខាងកើតប្រចាំនៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ១៣ មិថុនា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើឲ្យឯកអគ្គរដ្ឋទូត និងភារធារីបន្តគាំទ្រ ហើយធ្វើជាស្ពានដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភា/សភានៃប្រទេសនានា។ លោកបានអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលវៀតណាម បន្តជំរុញ និងលើកកំពស់ក្របខ័ណ្ឌទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ សំដៅពង្រឹងទំនុកចិត្ត សាមគ្គីភាព និងពូនជ្រុំទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជិតស្និទ្ធរវាងវៀតណាមជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីការអភិវឌ្ឍយ៉ាងខ្លាំងមាំមួននិងវិបុលភាពនៃសហគមន៍អាស៊ាន។
តាងនាមឯកអគ្គរដ្ឋទូត ភារធារី និងតំណាងប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើតប្រចាំនៅវៀតណាម លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមបានអបអរសាទរចំពោះប្រធានរដ្ឋសភាលោក Tran Thanh Man ដែលទទួលបានសេចក្ដីទុកចិត្តបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា។ លោកស្រីបានថ្លែងអំណរគុណចំពោះបណ្ដាប្រទេសជាសមាជិកអាស៊ាន ជាពិសេសគឺវៀតណាម ដែលបានជួយឧបត្ថម្ភឡាវអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៤ និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA-45) ប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់ជោគជ័យដ៏ល្អប្រសើរនៃអាណត្តិជាប្រធានអាស៊ានរបស់ឡាវ៕