នាថ្ងៃទី ២៧ មេសា រដ្ឋមន្ត្រីការបរទេសប៉ាពួញូហ្គីណេ លោក Justin Tkatchenko បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងអញ្ជើញមក បំពេញទស្សនកិច្ចនៅប្រទេសនេះនាខែឧសភាខាងមុខ។ នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាចទៅកាន់ប៉ាពួញូហ្គីណេក្នុងរយៈពេលយ៉ាងហោចណាស់មួយសតវត្សរ៍កន្លងទៅ។
លោកប្រធានាធិបតី Joe Biden គ្រោងនឹងបង្អង់ដំណើរនៅរដ្ឋធានី Port Moresby ប្រទេសប៉ាពួញូហ្គីណេ ក្នុងដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ច ប្រជុំកំពូល G7 និងទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមចតុ កោណសន្តិសុខ ដែលរួមមានឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក។ លោក ប្រធានាធិបតី Joe Biden នឹងមកដល់ ប៉ាពួញូហ្គីណេនៅថ្ងៃទី ២២ ឧសភា ហើយស្នាក់ នៅប្រទេសនេះរយៈពេល ៣ ម៉ោង ដោយធ្វើការពិភាក្សាជាមួយថ្នាក់ដឹកនាំប៉ាពួញូហ្គីណេអំពីសេដ្ឋកិច្ច សន្តិសុខ និងការប្រែប្រួលអាកាសធាតុ៕