កាលពីយប់ថ្ងៃទៅ ៧ តុលា កងកម្លាំងហេសបូឡាបានប្រកាស បាញ់គ្រាប់រ៉ុក្កែត វាយប្រហារទៅលើមូលដ្ឋានចារកម្មរបស់កងទ័ពអ៊ីស្រាអែល នៅជិតទីក្រុង Tel Aviv ភាគកណ្តាលប្រទេសអ៊ីស្រាអែល។ IDF បានបញ្ជាក់ថា គ្រាប់រ៉ុក្កែតចំនួន ៥គ្រាប់ ត្រូវបានបាញ់បង្ហោះចេញពីទឹកដីលីបង់ ឆ្ពោះទៅកាន់តំបន់មូលដ្ឋាន Glilot ជាទីស្នាក់ការរបស់អង្គភាពស៊ើបការសម្ងាត់ ៨២០០ និងនៅជិតទីស្នាក់ការរបស់អង្គភាពស៊ើបការសម្ងាត់ Mossad។ មីស៊ីលមួយចំនួនត្រូវបានបាញ់ទម្លាក់ដោយបណ្តាញការពារដែនអាកាសរបស់អ៊ីស្រាអែល នៅសេសសល់បានបានធ្លាក់ចូលទៅក្នុងតំបន់ល្ហល្ហេវ ហើយមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតដ៏ធ្ងន់ធ្ងរនោះទេ។
អ៊ីស្រាអែលវាយប្រហារលើគោលដៅរបស់ក្រុម ហេសបូឡា នៅប្រទេសលីបង់។ រូបថត៖ AFP |
មុនពេលការវាយឆ្មក់នេះ ក្រុមហេសបូឡាបានធ្វើការបាញ់បង្ហោះជាច្រើនលើក ជាមួយនឹងមីស៊ីលប្រហែល ១៣៥ គ្រាប់ ដោយវាយប្រហារលើតំបន់ផ្សេងៗជាច្រើននៅភាគខាងជើងប្រទេសអ៊ីស្រាអែល រួមទាំងទីក្រុងកំពង់ផែ Haifa ផងដែរ។ ក្រុមហេសបូឡាក៏បានអះអាងពីការបាញ់កាំភ្លើងទៅលើកងទ័ពអ៊ីស្រាអែលនៅក្នុងភូមិ Maroun al-Ras និង Blida នៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែល IDF កំពុងបើកប្រតិបត្តិការលើគោកដើម្បីបំផ្លាញទីតាំងនានារបស់ក្រុមហេសបូឡា។
រីឯខ្លួនវិញ IDF បានប្រកាសដាក់ពង្រាយយន្តហោះចម្បាំងចំនួន ១០០ គ្រឿង ដោយវាយប្រហារលើគោលដៅជាង ១២០ កន្លែង របស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃទី ៧ ខែតុលា។ លើសពីនេះ កងទ័ពជើងអាកាសអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកមកលើគោលដៅជាច្រើនរបស់ក្រុមហេសបូឡា នៅជ្រលងភ្នំ Beqaa ភាគខាងកើតប្រទេសលីបង់ ដោយបានបំផ្លាញឃ្លាំងអាវុធមួយចំនួន និងគ្រាប់រ៉ុក្កែតរបស់ក្រុមប្រដាប់អាវុធប្រឆាំងផងដែរ៕