វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទទីក្រុង Hamburg លើកទីមួយស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព (HSC) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែតុលា។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អាល្លឺម៉ង់ មូលនិធិវិនិយោគអាកាសធាតុ (CIF) មូលនិធិអាកាសធាតុបៃតង (GCF) និងសមាគមធុរកិច្ចអាល្លឺម៉ង់ - អាស៊ីប៉ាស៊ីហ្វិក (OAV) ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ដូចជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ការផ្លាស់ប្តូរថាមពល និងការទាក់ទាញការវិនិយោគ។

សន្និសីទ HSC ដោយមានការចូលរួមពីគណៈប្រតិភូប្រហែល ១.៦០០ នាក់មកពី ១០២ ប្រទេស ដោយផ្តោតលើការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ លោកស្រី Svenja Schulze ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់។ ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអាល្លឺម៉ង់បន្តឧបត្ថម្ភ ODA សម្រាប់វៀតណាមក្នុងគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long និងគាំទ្រដល់លទ្ធភាពទទួលបានដើមទុនសម្រាប់ភាពជាដៃគូផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌ (JETP)។

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc ថតរូបជាមួយថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលដែលចូលរួមសន្និសីទទីក្រុង Hamburg ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ រូបថត៖ Phuong Hoa/TTXVN

រដ្ឋមន្ត្រី Svenja Schulze បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងវិជ្ជមានរបស់គណៈប្រតិភូវៀតណាមនៅសន្និសីទ HSC ដោយចាត់ទុកថា វៀតណាមមានទំនួលខុសត្រូវខ្ពស់ ចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងស្វែងរកដំណោះស្រាយដើម្បីជំរុញការសម្រេចបាននូវ SDGs ឲ្យបានឆាប់ៗ។ លោកស្រីក៏បានអះអាងថា កិច្ចសហប្រតិបត្តិការជាមួយវៀតណាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាល្លឺម៉ង់ ជាពិសេសការសម្របសម្រួលការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌ JETP និងក្នុងក្របខ័ណ្ឌទ្វេភាគី។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីក៏បានជួបជាមួយនាយកប្រតិបត្តិនៃ CIF និង GCF ដោយបានអញ្ជើញមន្ត្រីទាំងនេះចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P៤G) នៅទីក្រុងហាណូយ ឆ្នាំ ២០២៥។ ឧបនាយករដ្ឋមន្ត្រីបានអះអាងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមកម្រិតសូន្យ នៅឆ្នាំ ២០៥០ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីសម្រេចបាន SDGs។

 ក្នុងជំនួបជាមួយ OAV ឧបនាយករដ្ឋមន្ត្រីបានស្នើថា អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរទាញយកផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងស្នើឲ្យភាគីនានា ពិចារណាលើការតភ្ជាប់ទំនាក់ទំនងជាដៃគូ និងបើកកិច្ចសហប្រតិបត្តិការលើវិស័យថ្មី សមស្របតាមប្រៀបខ្លាំង និងតម្រូវការរបស់ប្រទេសទាំងពីរ៕


ប្រតិកម្មទៅវិញ