ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា ប្រទេសនេះនឹងមិនដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសលីបង់ ឬតំបន់ហ្គាហ្សា ដើម្បីប្រឈមមុខនឹងអ៊ីស្រាអែលនោះទេ ដោយចាត់ទុកថា ក្រុមហេសបូឡានិងក្រុមសកម្មប្រយុទ្ធនៅក្នុងទឹកដីប៉ាឡេស្ទីនមានសមត្ថភាពនិងកម្លាំងគ្រប់គ្រាន់ដើម្បីការពារខ្លួនឯង ចំពោះការឈ្លានពាននេះ។
គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Khiam ប្រទេសលីបង់នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
ទន្ទឹមនឹងនោះ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានអំពាវនាវដល់មហាសន្និបាតអង្គការសហប្រជាជាតិ ស្នើឱ្យប្រើប្រាស់កម្លាំងដើម្បីប្រឆាំងនឹងអ៊ីស្រាអែល ក្នុងករណីដែលក្រុមប្រឹក្សាសន្តិសុខមិនអាចរារាំងអ៊ីស្រាអែលពីការវាយប្រហារលើប្រទេសលីបង់។ លោក Erdogan ក៏បានជំរុញឱ្យបណ្តាប្រទេសឥស្លាម ប្រើប្រាស់វិធានការសេដ្ឋកិច្ច ការទូត និងនយោបាយ ដើម្បីចាប់បង្ខុំឲ្យអ៊ីស្រាអែលទទួលយកបទឈប់បាញ់។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Bassam Al-Sabbagh បានថ្កោលទោស "ការឈ្លានពានទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល ដែលកំពុងរុញច្រានតំបន់នេះ ឈានទៅរកការឡើងជណ្ដើរដ៏គ្រោះថ្នាក់និងការប្រឈមមុខដាក់គ្នាដ៏កាច់សាហាវ ដែលផលវិបាកមិនអាចទាយទុកជាមុនបាន" ក្នុងពេលជាមួយគ្នានោះ លោកបានអំពាវនាវដល់សមាជិកអង្គការប្រជាជាតិឲ្យខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការឈ្លានពានរបស់អ៊ីស្រាអែលសំដៅទៅលើប៉ាឡេស្ទីន ស៊ីរី និងលីបង់។
ទាក់ទិននឹងបញ្ហានេះ នៅក្នុងសុន្ទរកថាបិទសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៣០ ខែកញ្ញា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ លោក Philemon Yang បានអំពាវនាវឲ្យអ៊ីស្រាអែល ចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា និងកម្លាំងហេសបូឡានៅប្រទេសលីបង់ ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់៕