សម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី១៤ |
អញ្ជើញថ្លែងបើកសម័យប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា សម័យប្រជុំលើកទី ១១គឺជាសម័យប្រជុំចុងក្រោយនៃអាណត្តិរដ្ឋសភា នីតិកាលទី ១៤ ដែលបានប្រព្រឹត្តិទៅក្នុងពេលដែលប្រទេសជាតិទាំងមូលកំពុងផ្ដោតសំខាន់លើការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស ហើយត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១ - ២០២៦ ។ លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖
“សម័យប្រជុំនេះ គឺជាឱកាសដើម្បីវាយតម្លៃ និង ពិនិត្យឡើងវិញនូវសមិទ្ធិផល និងលទ្ធផល ដែលទទួលបាន និងកំហិតលើវិស័យនីតិបញ្ញត្តិ នីតិប្រតិបត្តិ យុត្តិធម៌ និងការងារផ្សេងៗទៀត ហើយតាមនោះធ្វើការវិភាគយ៉ាងច្បាស់លាស់អំពីមូលហេតុ មេរៀនបទពិសោធន៍ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់បន្តផ្លាស់ប្ដូរថ្មី លើកកម្ពស់ប្រសិទ្ធភាព សុពលភាព ក្នុងអាណត្តិខាងមុខ បង្កើតឧត្តមភាព នាំប្រទេសជាតិឈានចូលសម័យកាល អភិវឌ្ឍន៍ថ្មី។ អាចនិយាយបានថា នេះគឺជាសម័យប្រជុំ ដែលមានលក្ខណៈជាស្ពានតភ្ជាប់ ក៏ដូចជារួមចំណែកទៅក្នុងការផ្ទេរអាណត្តិរបស់ស្ថាប័នសំខាន់ៗក្នុងក្បាលម៉ាស៊ីនរដ្ឋ”។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan (រូបថត៖VGP) |
ដោយមានអត្ថន័យដូច្នេះ នៅក្នុងសម័យប្រជុំនេះរដ្ឋសភានឹងធ្វើការពិភាក្សា និងវាយតម្លៃលើការងាររបស់រដ្ឋសភានីតិកាលទី ១៤; ពិនិត្យរបាយការណ៍ការងារអាណត្តិ ២០១៦-២០២១ របស់៖ ប្រធានរដ្ឋ រដ្ឋាភិបាល តុលាការប្រជាជនកំពូល ជាដើម។ ទន្ទឹមនឹងនេះ រដ្ឋសភានឹងពិចារណា ហើយធ្វើការសំរេចចិត្តលើការបញ្ចប់មុខតំណែង ការបោះឆ្នោតជ្រើសតាំង និងផ្ដល់សច្ចាប័នលើកម្មាភិបាលជាន់ខ្ពស់ក្នុងក្បាលម៉ាស៊ីនរដ្ឋ ដើម្បីឆ្លើយតបនឹងតម្រូវការអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្ស។
បន្ទាប់ពីសុន្ទរកថាបើកនោះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានថ្លែងរបាយការណ៍ការងារសម្រាប់អាណត្តិទី ១៤ របស់រដ្ឋសភា។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានថ្លែងរបាយការណ៍បូកសរុបការងារសម្រាប់អាណត្តិ ២០១៦-២០២១ របស់ប្រធានរដ្ឋ។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងរបាយការណ៍បូកសរុបការងារសម្រាប់អាណត្តិ ២០១៦-២០២១ របស់រដ្ឋាភិបាលផងដែរ៕