នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha អញ្ជើញថ្លែងបើកកិច្ចប្រជុំ AEM 51 (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី៦ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥១ (AEM 51) និងកិច្ចប្រជុំពាក់ព័ន្ធនានា បានបើកជាផ្លូវការនៅទីក្រុងបាងកក ដោយមាន ការចូលរួមរបស់ថ្នាក់ដឹកនាំផ្នែកសេដ្ឋកិច្ចមកពីប្រទេសសមាជិកអាស៊ានទាំង១០និងប្រទេសដៃគូផ្សេងៗ។ រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមដឹកនាំ គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
នៅក្នុងក្របខ័ណ្ឌ AEM 51 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១០ ខែ កញ្ញា នោះ គឺកិច្ចប្រជុំពាក់ព័ន្ធជាច្រើនក៏ត្រូវបានរៀបចំឡើងរួមមាន៖ កិច្ចប្រជុំ ក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) លើកទី៣៣ កិច្ចប្រជុំរដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ាននិងក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (AEM-AIA) លើកទី២២ កិច្ចប្រជុំរដ្ឋមន្រ្តីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកទី៧ ជាដើម។ នេះជាឱកាសដើម្បីអោយរដ្ឋមន្រ្តីផ្នែកសេដ្ឋកិច្ចនៃ ប្រទេសអាស៊ានទាំង១០និងបណ្ដាដៃគូក្រៅតំបន់ ជួបពិភាក្សាគ្នា ចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបតិ្តការស្ដីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគក្នុងប្លុក អាស៊ាន ក៏ដូចជារវាងអាស៊ាននិងបណ្ដាដៃគូក្រៅតំបន់ ព្រមទាំងឯកភាពលើ ខ្លឹមសារនៃឯកសារដាក់ជូនកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៥ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ ផងដែរ។
ឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំថៃនៅខាងក្រៅពិធីបើក AEM 51 រដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានជម្រាបថា នៅកិច្ចប្រជុំលើកនេះ វៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA)។ ចំពោះទិសដៅនិងគំនិតផ្ដួចផ្ដើម ក្នុងឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម រដ្ឋមន្ត្រីលោក Tran Tuan Anh បានជម្រាបថា វៀតណាមកំពុងត្រៀមរៀបចំគ្រប់បែបយ៉ាងដើម្បីទទួលតួនាទីជា ប្រធានអាស៊ាននាឆ្នាំក្រោយ។ ក្រសួងឧស្សាហពាណិជ្ជកម្មបានសហការជាមួយ ក្រសួង ស្ថាប័នសេដ្ឋកិច្ចនានា ដើម្បីកសាងវិធីសាស្ត្រអភិក្រម ប្រធានបទនិង អាទិភាពនៃសសរទ្រូងសេដ្ឋកិច្ចសម្រាប់ឆ្នាំអាស៊ាន២០២០៕