នាយនគរបាលវៀតណាមចំនួនបីនាក់ ចូលរួមក្នុងការរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១០ ខែតុលា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានប្រារព្ធពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ សម្រាប់នាយនគរបាលចំនួន ៣ នាក់ គឺលោកវរសេនីយ៍ឯក Le Quoc Huy, វរសេនីយ៍ទោ Vu Viet Hung និងវរសេនីយ៍ទោ Luong Thi Tra Vinh ដែលទៅបំពេញភារកិច្ចរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (បេសកកម្ម UNMISS)។ 

ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam បានសង្កត់ធ្ងន់ថា ការដែលក្រសួងបានបញ្ចូននាយនគរបាលចំនួនបីរូប  ចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាចំណុចលេចធ្លោក្នុងកិច្ចការបរទេសនិងសន្តិសុខ ដែលជាជំហានឆ្ពោះទៅមុខក្នុងសមាហរណកម្ម កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដ៏ទូលំទូលាយ; អះអាងយ៉ាងខ្ជាប់ខ្ជួននូវទស្សនៈថា វៀតណាមជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏តំណាងឱ្យការអភិវឌ្ឍថ្មីក្នុងកម្រិតសមាហរណកម្មអន្តរជាតិរបស់នគរបាលវៀតណាម រួមចំណែកអនុវត្តន៍ជាក់ស្តែងនូវការប្តេជ្ញាចិត្តរបស់បក្ស និងរដ្ឋវៀតណាមដាក់ចេញចំពោះសហគមន៍អន្តរជាតិក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោក; រួមចំណែកលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ ក្នុងនោះមានការរួមចំណែករបស់ក្រសួងនគរបាលវៀតណាមក្នុងឆាកអន្តរជាតិ។

សូមគូសបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រសួងនគរបាលមាននាយនគរបាលចំនួន ៨នាក់ ដែលត្រូវបានអង្គការសហប្រជាជាតិត្រួតពិនិត្យនិងឆ្លើយតបនឹងតម្រូវការចូលរួមកងកម្លាំងរក្សាសន្តិភាព៕

ប្រតិកម្មទៅវិញ