លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ ជូនក្រសួងព័ត៌មាន និងផ្សព្វផ្សាយ (រូបថត៖ VGP/Nhat Bac) |
វិស័យព័ត៌មាន និងផ្សព្វផ្សាយមានតួនាទីសំខាន់ និងចាំបាច់កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវតែឈានមុខគេ ដែលជាកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករជម្រុញការអភិវឌ្ឍ និងការច្នៃប្រឌិតថ្មីរបស់វៀតណាមក្នុងយុគសម័យឌីជីថល។ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអះអាងដូច្នេះ ក្នុងសន្និសីទបូកសរុបការងារឆ្នាំ២០២២ និងអនុវត្តន៍ភារកិច្ចឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ នាថ្ងៃ ទី១៨ ខែធ្នូ នៅទីក្រុងហាណូយ។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ ត្រូវតែផ្តោតការយកចិត្តទុកដាក់លើការងារសុក្រិតរបៀបរបប ជាពិសេសគឺក្នុងការងារផ្សេព្វផ្សាយ ការបម្លែងឌីជីថល; ការគ្រប់គ្រងរដ្ឋ; វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ខិតខំប្រឹងប្រែងឲ្យមានសេវាកម្មទូរគមនាគមន៍គ្របដណ្តប់ យ៉ាងទូលំទូលាយដល់ប្រជាជនទាំងអស់នៅគ្រប់តំបន់នៃប្រទេសជាតិ។ ផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅឆ្នាំ ២០២៣ គឺ ធ្វើពាណិជ្ជកម្មបណ្តាញ 5G បង្កើតការផ្លាស់ប្តូរក្នុងការតភ្ជាប់ ដើម្បីនាំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នៃសេដ្ឋកិច្ច។ ផ្តោតលើការជំរុញសេដ្ឋកិច្ចឌីជីថល ផ្សព្វផ្សាយពាណិជ្ជសញ្ញា Make in Vietnam ខិតខំប្រឹងប្រែងបង្កើនសមាមាត្រនៃសេដ្ឋកិច្ចឌីជីថលក្នុង GDP; លើកទឹកចិត្ត និងគាំទ្រសហគ្រាសបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍន៍ប្រទេស និងឆ្ពោះទៅកាន់ពិភពលោក។ ពង្រឹងវិធានការការពារប្រជាជន ធានាសុវត្ថិភាពសម្រាប់កុមារនៅក្នុងបណ្ដាញអនឡាញ។
ក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ ជូនក្រសួងព័ត៌មាន និងផ្សព្វផ្សាយ។
យោងតាមរបាយការណ៍សង្ខេបរបស់ក្រសួងក្នុងបានឲ្យដឹងថា ឆ្នាំ ២០២២ វិស័យព័ត៌មាន និងផ្សព្វផ្សាយសម្រេចបានលទ្ធផលដ៏សំខាន់ៗជាច្រើនទៀត។ ការផ្លាស់ប្តូរឌីជីថលជាតិត្រូវបានពន្លឿន។ ការងារសារព័ត៌មាន និងផ្សព្វផ្សាយបន្តអះអាងនូវតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការឆ្លុះបញ្ចាំងដោយស្មោះត្រង់នូវ សង្គមវៀតណាម បង្កើតការស្រុះចិត្តគំនិតគ្នា ពង្រីកថាមពលវិជ្ជមាន និងបង្កើតការជឿទុកចិត្តសង្គម។ តាមការប៉ាន់ប្រមាណថា ក្នុងឆ្នាំ ២០២២ ប្រាក់ចំណូលនៃផ្នែកព័ត៌មាន និងផ្សព្វផ្សាយទាំងមូលសម្រេចបានជិត ១៦០ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,៧% បើប្រៀបធៀបនឹងឆ្នាំ ២០២១៕