សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបថត៖ ក្រសួងព័ត៌មានកម្ពុជា |
នាថ្ងៃទី ២៧ កុម្ភៈ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Dato Seri Anwar Ibrahim។ យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim មានជំនួបពិភាក្សាការងារទ្វេភាគី ដើម្បីពិភាក្សាស្ដីពីវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន រួមមាន៖ នយោបាយ-សន្តិសុខ ពាណិជ្ជកម្ម-វិនិយោគ ទេសចរណ៍ ការងារ បច្ចេកវិទ្យាព័ត៌មាន ឌីជីថល សន្តិសុខថាមពល ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគីលើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់។
ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតបានថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីកម្ពុជាក៏ចូលក្រាបបង្គុំគាល់ព្រះមហាក្សត្រម៉ាឡេស៊ី និងជួបជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា និងសភាជាន់ទាបនៃប្រទេសសាមីផងដែរ៕