ទួរគីនិងសហរដ្ឋអាមេរិកអំពាវនាវឱ្យកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី៨ ខែមេសា ប្រធានាធិបតីទួរគី និងរដ្ឋមន្ត្រីការពារជាតិអាមេរិក បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយមន្ត្រីអ៊ីស្រាអែល ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតរបស់សហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។

ទួរគីនិងសហរដ្ឋអាមេរិកអំពាវនាវឱ្យកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា - ảnh 1កងកម្លាំងសន្តិសុខអ៊ីស្រាអែលត្រូវបានដាក់ពង្រាយបន្ទាប់ពីមានការប៉ះទង្គិចជាមួយជនប៉ាឡេស្ទីននៅវិហារ Al-Aqsa (អ៊ីស្រាអែលហៅថា Temple Mount) នៅក្រុងហ្សេរុយសាឡឹមខាងកើត នាថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣។ (រូបថត៖ AFP/VNA)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Isaac Herzog ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏តានតឹងនៅក្រុងហ្សេរុយសាឡឹមខាងកើត ជាពិសេសការវាយឆ្មក់របស់ប៉ូលិសអ៊ីស្រាអែលនាពេលថ្មីៗនេះ ទៅលើតំបន់វិហារអ៊ីស្លាម Al-Aqsa (ដែលអ៊ីស្រាអែលហៅថា Temple Mount)។ លោកប្រធានាធិបតីទួរគីក៏បានបញ្ជាក់ថា ទីក្រុងអង់ការ៉ា "ត្រៀមខ្លួនជាស្រេចធ្វើអស់ពីសមត្ថភាព ដើម្បីស្វែងរកឫសគល់នៃបញ្ហា ហើយចាត់វិធានការឆ្ពោះទៅរកការបង្កើតសន្តិភាពដ៏យុត្តិធម៌និងយូរអង្វែង" នៅមជ្ឈិមបូព៌ា។

នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Yoav Gallant។ ក្រសួងការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោករដ្ឋមន្រ្តី Austin បានអំពាវនាវឱ្យចាត់វិធានការនានាដើម្បីធានារយៈពេលឈប់សម្រាកក្នុងឱកាសពិធីបុណ្យទានដោយសន្តិភាពសម្រាប់ជនជាតិជី្វហ្វ ឥស្លាម និងគ្រិស្តសាសនា ព្រមទាំងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងផងដែរ។

គួរជម្រាបបន្ថែមទៀតថា ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានកើនឡើងបន្ទាប់ពីប៉ូលិសអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនជាង ៣៥០នាក់ក្នុងការប៉ះទង្គិចគ្នានៅវិហារ Al-Aqsa/Temple Mount នៅក្រុងហ្សេរុយសាឡឹមខាងកើតនៅព្រឹកព្រលឹមថ្ងៃទី ៥ ខែមេសា។ មួយថ្ងៃក្រោយមក កងទ័ពអ៊ីស្រាអែល (IDF) បាននិយាយថា កាំជ្រួចយ៉ាងហោចណាស់ចំនួន ៣៤ គ្រាប់ត្រូវបានបាញ់ចេញពីភាគខាងត្បូងលីបង់ តម្រង់ទៅលើភាគខាងជើងប្រទេសអ៊ីស្រាអែល។ នៅព្រឹកថ្ងៃទី៧ ខែមេសា អ៊ីស្រាអែលបានធ្វើការវាយប្រហារផ្លូវអាកាសទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ចលនាឥស្លាមប្រដាប់អាវុធ Hamas នៅភាគខាងត្បូងលីបង់ និងតំបន់ Gaza ដែលជាការឆ្លើយតបនឹងការបាញ់កាំជ្រួចខាងលើ៕

ប្រតិកម្មទៅវិញ