ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Tel Aviv កាលពីរសៀលម្សិលមិញ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល ឧត្តមនាវីឯក Daniel Hagari បានបញ្ជាក់ថា កងកម្លាំងហាម៉ាសបានបាត់បង់ការគ្រប់គ្រងទាំងស្រុងនៅតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងជើង។ IDF បានបំផ្លាញលេណដ្ឋានក្រោមដីរបស់ក្រុមហាម៉ាសសរុប ១៣០ កន្លែង។
ទន្ទឹមនឹងការកើនឡើងនៃជម្លោះនៅតំបន់ហ្គាហ្សា ការប្រយុទ្ធឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ក៏បន្តកើនឡើងគួរឲ្យព្រួយបារម្ភផងដែរ។ ការវាយប្រហារថ្មីៗនេះបានកើតឡើងកាលពីយប់មិញ នៅពេលដែលក្រុមហេសបូឡាហ៍បានចល័តយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងដើម្បីជ្រៀតចូលឆ្លងកាត់ព្រំដែន និងវាយប្រហារទីតាំងកងទ័ពអ៊ីស្រាអែលមួយចំនួននៅក្នុងតំបន់ Upper Jalil។ IDF បានឆ្លើយតបនឹងការបាញ់ផ្លោងយ៉ាងខ្លាំងទៅលើគោលដៅរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់។
ចំពោះមុខស្ថានការណ៍នេះ កាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានអះអាងសារជាថ្មីអំពីតម្រូវការក្នុងការកសាងមូលមតិអន្តរជាតិ ដូចដែលបានបង្ហាញនៅក្នុងសេចក្តីសម្រេចចិត្តថ្មីៗនេះរបស់មហាសន្និបាតអង្គការសហប្រជាជាតិ សំដៅអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់នៅតំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ប្រមុខក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងថា ប្រទេសនេះកំពុងទាក់ទងភាគីអន្តរជាតិដើម្បីលើកកម្ពស់បទឈប់បាញ់នៅហ្គាហ្សា។ ចំណែ្កកខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបញ្ចប់ស្ថានការណ៍សោកនាដកម្មនៅតំបន់ហ្គាហ្សា និងត្រូវការអនុវត្តបទឈប់បាញ់៕