ប៉ូលីសអេស្ប៉ាញ់នៅកន្លែងកើតហេតុ (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី១៧ សីហា ប៉ូលីសអេស្ប៉ាញ់ឲ្យដឹងថា អ្នកបើកបរថយន្ត ដឹកទំនិញបំបុកទៅលើហ្វូងមនុស្សនៅទីក្រុង Barcelona មុននោះនាថ្ងៃដដែល នៅតែលាក់ខ្លួន។ តាមសមត្ថកិច្ចថា ករណីដែលត្រូវបានកំណត់ថាជាការវាយ ប្រហារភេរវកម្មនេះ បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣នាក់ត្រូវស្លាប់ និង១០០នាក់ទៀតរងរបួស។ ថ្លែងមតិក្នុងសន្និសីទកាសែត លោក Josep Lluis Trapero មេប៉ូលីសតំបន់ Catalonia ឲ្យដឹងថា មានជនសង្ស័យចំនួន២នាក់ត្រូវ បានឃាត់ខ្លួនហើយ។ តាមលោក Trapero ថា រថយន្តដឹកទំនិញពណ៌ស១គ្រឿង ត្រូវបានបើកបំបុកទៅលើហ្វូងមនុស្សនៅវិថីដើរថ្មើជើង Las Ramblas ល្បីឈ្មោះ នៅទីក្រុង Barcelona នាវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី១៧ សីហា។ នាបច្ចុប្បន្ន អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានបញ្ជាក់ការទទួលខុសត្រូវ ចំពោះករណីវាយប្រហារនេះ។
នាថ្ងៃដដែល ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើពិភពលោកបានឡើង សម្លេងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះករណីភេរវកម្មពោលខាងលើ ព្រមទាំង សំដែងសាមគ្គីភាពនិងការប្រកៀកស្មាជាមួយអេស្ប៉ាញ់ក្នុងការប្រយុទ្ធប្រឆាំង ភេរវកម្ម។ លើគេហទំព័រ Twitter ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា អាមេរិកថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះករណីវាយប្រហារ ភេរវកម្មនៅក្រុង Barcelona ហើយវ៉ាស៊ីនតោននឹងធ្វើអ្វីៗចាំបាច់ទាំងអស់ដើម្បីជួយ ឧបត្ថម្ភ។ អ្នកនាំពាក្យខុទ្ទកាល័យអធិការបតីអាល្លឺម៉ង់លោក Steffen Seibert ឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់ថ្កោលទោសយ៉ាងខ្លាំងក្លាករណីវាយប្រហាដ៏ ឃោឃៅនេះនៅក្រុង Barcelona ព្រមទាំងចែករំលែកការឈឺចាប់ជាមួយគ្រួសារ ជនរងគ្រោះក្នុងករណីវាយប្រហារនេះផងដែរ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May និង ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក៏បានឡើងសម្លេងសម្ដែងសាមគ្គីភាព ជាមួយអេស្ប៉ាញក្រោយពីករណីវាយប្រហារនេះផងដែរ ហើយអំពាវនាវឲ្យពិភព លោកទាំងមូលសាមគ្គីគ្នាក្នុងការប្រយុទ្ធមិនអត់ឱនប្រឆាំងនឹងកម្លាំងភេរវកម្ម៕