ប្រធានាធិបតីកូរ៉េខាងត្បូង (កណ្ដាល) និងមន្ត្រីជាន់ខ្ពស់អាមេរិក ២ រូប (រូបថត៖ ABC News) |
សេចក្តីថ្លែងការណ៍រួម រួមមានខ្លឹមសារពាក់ព័ន្ធដល់វិស័យសំខាន់ចំនួន ៤គឺ ទំនាក់ទំនងសម្ព័ន្ធមិត្ត រវាងកូរ៉េខាងត្បូង - អាមេរិក ;បញ្ហាឧបទ្វីបកូរ៉េ; កិច្ចសហប្រតិបត្តិការក្នុងតំបន់និងកិច្ចសហប្រតិបត្តិការសកលលោក ព្រមទាំងអះអាងសារជាថ្មីម្តងទៀតនូវសម្ព័ន្ធមិត្តរវាងកូរ៉េខាងត្បូង- អាមេរិក គឺជា «អ័ក្ស» ដ៏សែនសំខាន់ក្នុងសន្តិភាពនិងវិបុលភាពនៅឧបទ្វីបកូរ៉េនិងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។
ប្រទេសទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើបញ្ហានុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទិករបស់ ស.ប.ប កូរ៉េ ដែលជាក្តីព្រួយបារម្ភរួមរបស់ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន ដោយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហានេះ ហើយបានឯកភាពគ្នាពិភាក្សានិងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងដំណើរការដែលអាមេរិកធ្វើការពិចារណានិងការអនុវត្តគោលនយោបាយចំពោះស.ប.ប កូរ៉េផងដែរ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរក្សាស្ថានភាពត្រៀមប្រយុទ្ធកងទ័ពចម្រុះតាមរយៈការធ្វើសមយុទ្ធកូរ៉េខាងត្បូង - អាមេរិក សំដៅដោះស្រាយរាល់ការគំរាមកំហែងរួមផងដែរ៕