កម្ពុជា​សម្រេចរួចរាល់ការងាររៀបចំបោះឆ្នោត ៩០%​ ហើយ

Chia sẻ
(VOVWORLD) - មកដល់ពេលនេះ ការងាររៀបចំការបោះឆ្នោតនៅកម្ពុជា សម្រេចបានជាង ៩០%ហើយ។
កម្ពុជា​សម្រេចរួចរាល់ការងាររៀបចំបោះឆ្នោត ៩០%​ ហើយ - ảnh 1យុទ្ធនាការឃោសនាបោះឆ្នោត។ រូបថត៖ Van Do/VOV-ភ្នំពេញ

គណបក្សនយោបាយនៅកម្ពុជា ទើបតែបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៣សប្តាហ៍ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ថ្ងៃនេះបានឈានចូល “ថ្ងៃស” (ថ្ងៃទី ២២ កក្កដា) នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក (ថ្ងៃទី ២៣ កក្កដា)។

អញ្ជើញថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរសៀលម្សិលមិញ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានអះអាងថា មកដល់ពេលនេះ ការងាររៀបចំការបោះឆ្នោតនៅកម្ពុជា សម្រេចបានជាង ៩០%ហើយ។ ការដឹកជញ្ជូនបញ្ជីឈ្មោះអ្នកបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ ទឹកខ្មៅ និងឧបករណ៍ផ្សេងៗទៀត ទៅកាន់មូលដ្ឋាន ដើម្បីបម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានសម្រេចរួចរាល់។ អគ្គស្នងការនគរបាលជាតិ បានត្រៀមកម្លាំងនគរបាលជិត ១០ម៉ឺននាក់ សម្រាប់ការពារសន្តិសុខ សុវត្ថិភាព និងសម្របសម្រួលចរាចរណ៍ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត។ បើតាម គ.ជ.ប មានមនុស្សសរុបជាង ២ម៉ឺននាក់ កំពុងបម្រើការងារឃោសនាបោះឆ្នោត មនុស្សចំនួន ៧ម៉ឺននាក់ បំពេញភារកិច្ចសន្តិសុខនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

សារព័ត៌មានកម្ពុជាក៏បានដកស្រង់ប្រភពពី គ.ជ.ប ថា អ្នកសង្កេតការណ៍ជាតិជិត ៩ម៉ឺននាក់ និងអន្តរជាតិជាង ២០០ នាក់ នឹងចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃស្អែក នៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ