ទិដ្ឋភាពនៃកិច្ចពិភាក្សា |
កិច្ចពិភាក្សាសំដៅបញ្ជាក់ជំហរ តម្លៃប្រវត្តិសាស្ត្រ និងបុព្វហេតុនៃជ័យជំនះ Dien Bien Phu; ទន្ទឹមនឹងនោះ ក៏បញ្ជាក់ពីភាពត្រឹមត្រូវ និងជ័យជំនះនៃគោលមាគ៌ា សង្គ្រាមប្រជាជន និងជំហរការពារប្រជាជនទាំងមូល ក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ។
នៅក្នុងកិច្ចពិភាក្សានោះ មានមតិជាច្រើនបានអះអាងថា កត្តាសំខាន់មួយរួមចំណែកដល់ជ័យជំនះ Dien Bien Phu គឺការសម្រេចចិត្តប្តូរពី “ប្រយុទ្ធលឿន ឈ្នះឆាប់” ទៅជា “ប្រយុទ្ធយ៉ាងមុតមាំ ឈានទៅមុខយ៉ាងម៉ឺងម៉ាត់”។ វរសេនីយ៍ទោ Tran Ngoc Long អតីតនាយករងនៃវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា ធ្វើការវិភាគយ៉ាងដូច្នេះ៖
“គន្លឹះសម្រាប់បើកទ្វារឆ្ពោះទៅរកភាពជោគជ័យក្នុងយុទ្ធនាការ Dien Bien Phu នោះហើយជាការសម្រេចចិត្តផ្លាស់ប្តូរបាវចនាប្រយុទ្ធពី “ប្រយុទ្ធលឿន ឈ្នះឆាប់” មកជា “ប្រយុទ្ធយ៉ាងមុតមាំ ឈានទៅមុខយ៉ាងម៉ឺងម៉ាត់”។ នេះជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រក្នុងយុទ្ធនាការជាប្រវត្តិសាស្ត្រមួយដែរ។ អ្នកដែលស្នើសេចក្តីសម្រេចនោះ គឺនាយឧត្តមសេនីយ៍ Vo Nguyen Giap ដោយស្មារតីទទួលខុសត្រូវចំពោះជីវិតរបស់កម្មាភិបាល និងយុទ្ធជនរាប់ម៉ឺននាក់ ដែលជាទំនួលខុសត្រូវដ៏ធំធេង ដែលការិយាល័យនយោបាយ និងលោកប្រធានហូជីមិញបានប្រគល់ជូននាយឧត្តមសេនីយ៍”។
ការពិភាក្សាក៏បានអះអាងថា កម្លាំងដែលវៀតណាមឈ្នះក្នុងយុទ្ធនាការ Dien Bien Phu គឺជាកម្លាំងនៃប្រជាជនវៀតណាម; នៃការដឹកនាំរបស់បក្ស; គឺជាស្មារតីនៃសាមគ្គីភាពរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល។ ទន្ទឹមនឹងនោះ គឺជាការរួមផ្សំគ្នានៃកម្លាំងជាតិ ជាមួយនឹងកម្លាំងនៃសម័យកាល រួមជាមួយនឹងការជួយជ្រោមជ្រែង និងជំនួយពីមិត្តភក្តិអន្តរជាតិ៕