អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg (រូបថត៖ VNA) |
កិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបិទបញ្ចប់កាលពីម្សិលមិញថ្ងៃទី ១២ កក្កដា នៅទីក្រុងវីលនីស (Litva)។ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានស្វាគមន៍ចំពោះការដែលមេដឹកនាំណាតូបានធ្វើការសម្រេចចិត្តសំខាន់ៗ ដើម្បីសម្រួលដល់យន្តការប្រតិបត្តិការរបស់សម្ព័ន្ធភាពនាពេលអនាគត។ សម្ព័ន្ធមិត្តបានយល់ព្រមលើផែនការស្វ័យការពារដ៏ខ្លាំងក្លា និងលម្អិតបំផុតរបស់អង្គការណាតូ ចាប់តាំងពីសង្គ្រាមត្រជាក់ ពង្រឹងការប្តេជ្ញាចិត្តវិនិយោគលើវិស័យការពារជាតិ យល់ព្រមនាំអ៊ុយក្រែនឱ្យខិតមកជិតណាតូថែមទៀត និងបង្កើនទំនាក់ទំនងភាពជាដៃគូលើទូទាំងពិភពលោក។ មេដឹកនាំណាតូបានចាត់ទុកកិច្ចប្រជុំកំពូលនេះមានលក្ខណៈ " ប្រវត្តិសាស្ត្រ" នៅពេលសម្រេចបានការប្តេជ្ញាចិត្តអំពីយថាទស្សន៍ចូលជាសមាជិករបស់អ៊ុយក្រែន ការចូលរួមពីសមាជិកទី ៣១ របស់ហ្វាំងឡង់ និងការឯកភាពរបស់ប្រទេសទួរគីចំពោះសំណើរសុំចូលជាសមាជិករបស់ស៊ុយអែតដើម្បីចូលរួមក្នុងសម្ព័ន្ធភាព។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានប្រកាសពីការធានាសន្តិសុខថ្មីសម្រាប់អ៊ុយក្រែនផងដែរ។
យោងតាមនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo កិច្ចប្រជុំកំពូល Vilnius បើកឱកាសថ្មី ខណៈណាតូពង្រឹងទំនាក់ទំនងជាមួយដៃគូនៅតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកគឺ អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។ កិច្ចប្រជុំកំពូលណាតូលើកក្រោយ គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ក្នុងឆ្នាំ ២០២៤ ដែលជាខួបលើកទី ៧៥ នៃការបង្កើតសម្ព័ន្ធភាពយោធានេះផងដែរ៕