អគ្គនាយិការរបស់ IMF លោកស្រី Christine Lagarde |
មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានព្រមានថា នៅក្នុងបរិបទនៃជម្លោះពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចជួរមុខទាំងពីរនេះនៅលើពិភពលោក កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការកើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីសញ្ញានៃការធូរស្រាលមួយរយៈពេលកន្លងទៅ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន អ្នកនាំពាក្យរបស់ IMF លោក Gerry Rice បានមានប្រសានស៍ថា: «ភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ កំពុងរារាំងរាល់កិច្ចចរចា ដែលនឹងត្រូវតភ្ជាប់ឡើងវិញនាថ្ងៃទី ៩ ឧសភា»។ អ្នកនាំពាក្យ IMF ក៏បានអំពាវនាវសារជាថ្មីម្តងទៀតឱ្យមានដំណោះស្រាយយ៉ាងឆាប់រហ័សសម្រាប់ភាគីទាំងពីរផងដែរ។ អគ្គនាយិការរបស់ IMF លោកស្រី Christine Lagarde បានទទួលស្គាល់កាលពីសប្តាហ៍មុនថាភាពតានតឹងថ្មីៗនៅក្នុងបញ្ហាពាណិជ្ជកម្មរវាងអាមេរិកនិងចិនគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយចំពោះសេដ្ឋកិច្ចពិភពលោក។ លោកស្រី Lagarde បន្តទៀតថា«ពាក្យចចាមអារ៉ាមនិងសេចក្តីប្រកាសនៅលើបណ្តាញសង្គម» បានធ្វើឱ្យលទ្ធភាពសនៃការឈានទៅម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងប្រទេសមហាអំណាចទាំងពីរនេះហាក់ដូចជាកាន់តែថយចុះផងដែរ៕