និមិត្តសញ្ញារូបិយប័ណ្ណរួមអឺរ៉ូនៅមុខទីស្នាក់ការកណ្តាលរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) នៅទីក្រុង Frankfurt am Main ប្រទេសអាល្លឺម៉ង់។ រូបថត៖ AFP/VNA |
ភាពមិនច្បាស់លាស់អំពីការនាំចូលថាមពលពីរុស្ស៊ីកំពុងរុញតំបន់ចាយប្រាក់រួមអឺរ៉ូ (Eurozone) កាន់តែខិតមកជិតសេណារីយ៉ូចុះខ្សោយសេដ្ឋកិច្ចនាឆ្នាំ ២០២៣។ អនុប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោក Luis de Guindos បានថ្លែងដូច្នេះកាលពីថ្ងៃទី ១៤ តុលា ក្នុងបទសម្ភាសន៍ជាមួយកាសែតធុរកិច្ចVerslo zinios របស់ Litva។
ក្នុងការព្យាករណ៍ដែលបាននាំចេញកាលពីខែកញ្ញា ECB បានលើកឡើងអំពីសេណារីយ៉ូអាក្រក់ ដែលសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូអាចធ្លាក់ចុះប្រហែល ១% នៅឆ្នាំ ២០២៣ ខណៈពេលដែលសេណារីយ៉ូមូលដ្ឋានត្រូវបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចនៃតំបន់នេះអាចសម្រេចបាន ០,៩% ។ យោងតាមលោក Guindos ថា ហេតុផលនាំឲ្យមានភាពខុសគ្នារវាងសេនារីយ៉ូទាំង ២ នេះ គឺដោយសារការវាយតម្លៃប្រភពផ្គត់ផ្គង់ថាមពលពីរុស្ស៊ី។
សូមបញ្ជាក់ដែរថា ចាប់តាំងពីចុងខែសីហា អឺរ៉ុបមិនទទួលឧស្ម័នពីរុស្ស៊ីតាមរយៈបំពង់បង្ហូរ Nord Stream 1 ដែលបណ្តាលឱ្យតម្លៃថាមពលក្នុងទ្វីបនេះហក់ឡើងខ្ពស់ ជំរុញឲ្យអតិផរណាឡើងដល់កម្រិតកំណត់ត្រាថ្មី ពោលគឺកើន ១០% កាលពីខែកញ្ញាកន្លងទៅ។
ECB បានព្យាករណ៍ថា ក្នុងករណីយថាទស្សនីសេដ្ឋកិច្ចអាប់អួរ អតិផរណាប្រចាំឆ្នាំរបស់ Eurozone អាចឡើងដល់ ៨,៤% ក្នុងឆ្នាំនេះ និង ៦,៩ % ក្នុងឆ្នាំ ២០២៣ ខាងមុខផងដែរ៕