ជនជាតិ Xo Dang នៅខេត្ត Kon Tum មានឧបករណ៍ភ្លេងជនជាតិជាច្រើនប្រភេទដូចជា៖ ចាប៉ី T’rung ចាប៉ី K’long Put ចាប៉ីទឹក ខ្លុយ ស្គរ គងឃ្មោះ ស្នែង ឬបំពង់គោះ។ ចាប៉ី T'rung និង ចាប៉ី K'long Put គឺជាឧបករណ៍ភ្លេងដ៏ពេញនិយមបំផុតរបស់ប្រជាជន។ វត្ថុធាតុដើមដែលគេប្រើសម្រាប់ធ្វើឧបករណ៍ភ្លេងទាំងពីរនេះ គឺបានមកពីឫស្សីឬ ឫស្សីថ្ង។ លោក Phan Van Hoang នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Kon Tum បានឲ្យដឹងថា៖
“ក្នុងដំណើរការធ្វើការងារស្រែចម្ការ ប្រជាជនបានច្នៃឧបករណ៍ភ្លេងទាំងនេះក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ចាប៉ី K'long Put ជាធម្មតា ត្រូវបានប្រើប្រាស់ដោយស្ត្រី។ ពួកគេលេងដោយក្រុមពី ២ ទៅ ៣ នាក់។ ចំណែកគងឃ្មោះ ច្រើនតែប្រើសម្រាប់បុរស។ ពេលសម្តែង ប្រជាជនប្រើចាប៉ី T'rung និង ចាប៉ី K'long Put រួមផ្សំជាមួយនឹងគងឃ្មោះ និងឧបករណ៍ភ្លេងផ្សេងៗទៀត”។
បំពង់ចាប៉ី T'rung ដូចខ្សែហ្គីតាអញ្ចឹង ដែលជាផ្នែកសំខាន់សម្រាប់បញ្ចេញសំឡេង។ បំពង់ចាប៉ីនីមួយៗមានពីរផ្នែកគឺបំពង់ខ្យល់ និងរបារសំឡេង។ ចាប៉ីនេះមានបំពង់ឫស្សីថ្ងភ្ជាប់គ្នាដោយខ្សែតូច ធន់និងរឹងមាំ។
សិប្បករជនជាតិ Xo Dang ហាត់លេងចាប៉ី K’long Put។ (រូបថត៖ baobienphong) |
ក្នុងពេលជាមួយគ្នានោះ ចាប៉ី K'long Put ត្រូវបានផលិតចេញពីបំពង់ឫស្សីថ្ងហើយសំឡេងចាប៉ី ត្រូវបានបង្កើតដោយការទះដៃនៅលើមាត់បំពង់។ ចាប៉ី K'long Put ជាធម្មតាមានពី ៧ ទៅ ១០ បំពង់អាស្រ័យលើរបៀបលេងរបស់មនុស្សម្នាក់ៗ។ ប្រជាជនជឿថាបំពង់ឫស្សីដែលប្រើសម្រាប់លេងចាប៉ី K'long Put មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងបំពង់ផ្ទុកគ្រាប់ពូជសម្រាប់ធ្វើស្រែចម្ការ។ ពួកគេជឿថានៅក្នុងបំពង់ផ្ទុកគ្រាប់ពូជទាំងនោះគឺជាកន្លែងស្នាក់នៅរបស់ព្រលឹងស្រូវ។ ដូច្នេះហើយ ពេលលេងចាប៉ី K’long Put នៅលើវាលស្រែនឹងជួយឱ្យស្រូវដុះលូតលាស់ល្អ ប្រមូលផលបានល្អ និងអាកាសធាតុអំណោយផល។ លើសពីនេះ សូរសំឡេងចាប៉ីក៏ជួយបណ្ដេញសត្វព្រៃ និងជារបៀបមួយដើម្បីបង្ហាញពីមនោសញ្ចេតនារបស់គូស្នេហ៍ផងដែរ។ សិប្បករឆ្នើម Y Sinh ជនជាតិ Xo Dang ម្នាក់ នៅខេត្ត Kon Tum បានឲ្យដឹងថា៖
“ការលេងចាប៉ី K'long Put ទាមទារការជក់ចិត្ត។ កាលពីមុន គេអាចលេងចាប៉ីក្នុងអំឡុងពីរបីថ្ងៃ។ ជាឧទាហរណ៍ នៅពេលដែលស្រូវលូតលាស់បានល្អ ហើយទំនងជាមានរដូវអំណោយផលក្នុងឆ្នាំនេះ ប្រជាជនអាចប្រារព្ធពិធីបុណ្យនៅផ្ទះ Rong យកចាប៉ី គងឃ្មោះមកលេង។ ចំណែកចាប៉ី T’rung វិញ គេលេងដោយដៃទាំងពីរ ហើយអាចលេងតាមចង្វាក់គង។ ភ្ញៀវទេសចរជប៉ុន កូរ៉េខាងត្បូង និងចិនមកទស្សនាយ៉ាងច្រើន”។
ក្រៅពីចាប៉ី T'rung និង K'long Put ជនជាតិ Xo Dang ក៏មានចាប៉ីទឹកដែលមានលក្ខណៈពិសេសដូចគ្នាដែរ។ ចាប៉ីទឹកមានបំពង់ឫស្សីថ្ងជាច្រើនដែលមានប្រវែងផ្សេងៗគ្នា ព្យួរបញ្ឈរនៅតាមមាត់ប្រឡាយ។ ទឹកពីប្រឡាយហូរចូលទៅក្នុងបំពង់ធំបង្កើតសំឡេងទាប ខណៈពេលដែលបំពង់ខ្លីបង្កើតសំឡេងខ្ពស់។ សិប្បករឆ្នើម Y Sinh បាននិយាយថា៖
“ចាប៉ីទឹកគឺកម្រនិងពិបាកធ្វើណាស់ មានតែមនុស្សចាស់ទេដែលចេះធ្វើចាប៉ីទឹក។ បំពង់តូច បំពង់ធំ ពេលដែលទឹកហូរចូល បង្កើតឡើងសំឡេងពិរោះណាស់។ ពេលលុយទឹកឆ្លងប្រឡាយ ឃើញចាប៉ីទឹកបង្កើតជាសំឡេងដ៏ប្លែកៗ ហើយមិនអាចបំភ្លេចបាន”។
នៅក្នុងពិធីបុណ្យឬព្រឹត្តិការណ៍រួមណាមួយ របស់ភូមិ បន្ទាប់ពីពិធីសែន គឺមកដល់ផ្នែកបុណ្យ។ នៅពេលនេះ មនុស្សរាល់គ្នាច្រៀងរាំ ក្នុងសំឡេងដ៏សប្បាយអ៊ូរអរនៃឧបករណ៍ភ្លេងជនជាតិ។ ផ្នែកវប្បធម៌ខេត្ត Kon Tum ផ្តោតសំខាន់លើការអភិរក្ស និងពង្រីកវប្បធម៌ប្រពៃណីជនជាតិ។ លោក Phan Van Hoang នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Kon Tum បានឲ្យដឹងថា៖
“ផ្នែកវប្បធម៌ជារៀងរាល់ឆ្នាំ តែងតែបង្កើតក្រុមសិល្បៈ ដើម្បីទៅសម្តែងក្នុងទិវាបេតិកភណ្ឌវប្បធម៌វៀតណាម ថ្ងៃទី២៣ ខែវិច្ឆិកា ឬកម្មវិធីដែលរៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ នេះជាឱកាសដើម្បីឲ្យបណ្ដាជនជាតិ សម្ដែងនូវអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ តាមរយៈការផ្លាស់ប្តូរវប្បធម៌ ពួកគេជាអ្នកដែលប្រគល់មរតកតម្លៃវប្បធម៌ប្រពៃណីដល់ជំនាន់វ័យក្មេង”។
នាបច្ចុប្បន្ន ភូមិនានាក្នុងខេត្ត Kon Tum បានបង្កើតក្រុមវប្បធម៌សិល្បៈជាច្រើន។ ទន្ទឹមនឹងការសំដែងសិល្បៈបម្រើប្រជាជន បណ្ដាក្រុមសិល្បៈ និងសិប្បករ ក៏បង្រៀនពីរបៀបធ្វើ របៀបលេងឧបករណ៍ភ្លេងដល់ជំនាន់វ័យក្មេងទៀតផង ដើម្បីរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ Xo Dang៕