ស្លឹកដំឡូងមីជ្រក់ជូរ-មុខម្ហូបដ៏សាមញ្ញតែប្លែកមាត់របស់ជនជាតិ Dao ក្រហម

Chia sẻ
(VOVWORLD) - Mờ sán sui ជារបៀបហៅនៃម្ហូបស្លឹកដំឡូងមីជ្រក់ជូររបស់ជនជាតិ Dao ក្រហមនៅខេត្ត Yen Bai។ ជ្រើសយកត្រួយដំឡូងមីខ្ចីធ្វើជាវត្ថុធាតុដើម ពួកគេបានយកជ្រក់ជូរ ហើយកែច្នៃទៅជាមុខម្ហូបដ៏សាមញ្ញាតែឆ្ងាញ់ពិសារនិងប្លែកមាត់ផ្សេងៗទៀត។ នេះជាម្ហូបអាហារដ៏ពិសេសដោយ ឡែករបស់បងប្អូនជនជាតិ Dao ក្រហមនៅខេត្ត Yen Bai។
ស្លឹកដំឡូងមីជ្រក់ជូរ-មុខម្ហូបដ៏សាមញ្ញតែប្លែកមាត់របស់ជនជាតិ Dao ក្រហម - ảnh 1ដើម្បីធ្វើម្ហូបស្លឹកដំឡូងមីជ្រក់ជូរនោះ គេតែងតែយកត្រួយនិងស្លឹកខ្ចីតែប៉ុណ្ណោះ។ (រូបថត៖ VOV)

នៅពេលដំឡូងមីបែកខ្នែងត្រួយ ចេញស្លឹកខ្ចី មានកំពស់ប្រហែល១ម៉ែត្រ គឺជាពេលវេលាដែលបងប្អូនជនជាតិ Dao ក្រហមខេត្ត Yen Bai បេះយកធ្វើមុខម្ហូប mờ sán sui (ពោលគឺស្លឹកដំឡូងមីជ្រក់ជូរ) ពីព្រោះនេះជាពេលវេលាដែលដំឡូងមីមានត្រួយខ្ចី ឆ្ងាញ់បំផុតក្នុងមួយឆ្នាំ។ ជនជាតិ Dao ក្រហមត្រឹមតែប្រើប្រាស់ដំឡូងមី២ប្រភេទប៉ុណ្ណោះដើម្បីធ្វើម្ហូបនេះ គឺដំឡូងមីខៀវនិងដំឡូងមីក្រហមដែលមានស្រាប់នៅតំបន់ ហើយដាច់ខាតមិនយកដំឡូងមីអតិផលឡើយដោយសារមានជាតិពុលច្រើន។

ទោះបី mờ sán sui ជាម្ហូបអាហារដ៏សាមញ្ញក៏ដោយ ប៉ុន្តែដើម្បីធ្វើឲ្យវាមានពណ៌ទាក់ទាញភ្នែក រសជាតិឈ្ងុយឆ្ងាញ់ គឺត្រូវតែឆ្លងកាត់ដំណាក់កាលកែច្នៃដ៏ផ្ចិតផ្ចង់។ គេតែងតែបេះយកត្រួយនិងស្លឹកខ្ចីនៃដើមដំឡូងមីប៉ុណ្ណោះ មិនយកស្លឹកចាស់ ពីព្រោះវាស្វិត មិនឆ្ងាញ់ទេ។ ត្រួយនិងស្លឹកខ្ចីយកមក លាងឲ្យអស់ជ័រ ទុកឲ្យស្រោះទឹករួច យកហាន់តូចៗប្រហែល២សាំងទីម៉ែត្រ ដាក់ចូលកាធុន រោយអំបិលសបន្តិចដើម្បីច្របាច់ញី។ មិនគួរតែច្របាប់ញីខ្លាំងដៃពេលទេ ដោយសារងាយធ្វើឲ្យស្លឹកខ្ទេច ហើយម្ហូបមិនចាប់ភ្នែកទៀតឡើយ។ លោកស្រី Ban Thi Duc នៅភូមិ Khe Van ឃុំ Quang Minh ស្រុក Van Yen ខេត្ត Yen Bai ឲ្យដឹងថា៖

“ប្រសិនបើចង់ឲ្យ mờ sán sui ឆ្ងាញ់ គឺត្រូវតែច្របាច់ញីអំបិលឲ្យ អស់ទឹកល្វីងរួច យកចម្អិនទើបមានរសជាតិឆ្ងាញ់ពិសារបាន។ ម្ហូបនេះពេលជ្រក់ជូរ ទុកឲ្យកាន់តែប្រែពណ៌លឿង គឺកាន់តែឆ្ងាញ់”។

Mờ sán sui មានរសជាតិឆ្ងាញ់បំផុតនៅពេលធ្វើសម្លត្រី ឆាត្រីទឹកជ្រោះ ឆាស៊ុត ឬឆាសាច់។ ជាពិសេស mờ sán sui ឆាជាមួយត្រីទឹកជ្រោះត្រូវបានចាត់ទុកថាជាមុខម្ហូបពិសេសដោយឡែករបស់ប្រជាជននៅទីនេះ។ ដើម្បីធ្វើមុខម្ហូបនេះឲ្យបានឆ្ងាញ់ប្លែក គឺត្រីទឹកជ្រោះយកមក លាងឲ្យស្អាត ប្រឡាក់ជាមួយអំបិល យកអាំងឲ្យឈ្ងុយ ហើយចិញ្ច្រាំឲ្យល្អិតៗទើបឆាជាមួយ mờ sán sui។ អ្នកស្រី Ly Thi Mui នៅភូមិSam Tren ស្រុក Luc Yen ខេត្ត Yen Bai បានចែករំលែកថា៖

“ដើម្បីឲ្យ mờ sán sui ឆាជាមួយត្រីទឹកជ្រោះបានឆ្ងាញ់ជាង ត្រីបន្ទាប់ពីអាំងឲ្យឆ្អិន ត្រូវចិញ្ច្រាំឲ្យល្អិត ដើម្បីពេលឆាជាមួយស្លឹកដំឡូងមីជ្រក់ គឺមានក្លិនឈ្ងុយ គ្មានក្លិនត្រីទៀតឡើយ។ សាច់ត្រីចិញ្ច្រាំឆាជាមួយខ្លាញ់ជ្រូកជាមុនសិន រួចមកចាក់ស្លឹកដំឡូងមីជ្រក់ចូល ឆាជាមួយសាច់ត្រីប្រហែល៨ដល់១០ នាទីគឺឆ្អិនហើយ។ ស្លឹកដំឡូងមីជ្រក់ជូរនេះ ឆ្ងាញ់បំផុតនៅពេលចម្អិនជាមួយត្រី”។

ស្លឹកដំឡូងមីជ្រក់ជូរ-មុខម្ហូបដ៏សាមញ្ញតែប្លែកមាត់របស់ជនជាតិ Dao ក្រហម - ảnh 2សាច់ត្រីត្រូវបានចិញ្ច្រាំឲ្យល្អិតៗ ត្រៀមយកឆាជាមួយស្លឹកដំឡូងមីជ្រក់ជូរ។ (រូបថត៖ VOV)

ម្ហូបអាហារកែច្នៃពីស្លឹកដំឡូងមីជ្រក់ជូរ បើពិសារជាមួយបាយដំណើប ឬបាយសគឺឆ្ងាញ់ណាស់ ដែលធ្វើឲ្យនរណាម្នាក់បើបានភ្លក់ហើយគឺមិនអាចបំភ្លេចបានឡើយ។ អ្នកស្រី Nguyen Phuong Linh នៅសង្កាត់ Hong Ha ទីក្រុង Yen Bai ឲ្យដឹងថា៖

“ពេលណាទៅបំពេញការងារនៅតំបន់ព្រៃភ្នំ ខ្ញុំច្រើនតែយកម្ហូបស្លឹកដំឡូងមីជ្រក់ជូរនេះមកផ្ទះ។ ម្ហូបនេះចម្អិនជាមួយត្រីពិតជាឆ្ងាញ់ណាស់ ដោយគ្មានក្លិនឆ្អាបឡើយ ដោយសារក្លិនក្រអូបនៃស្លឹកដំឡូងមីជ្រក់ជូរបានបំបាត់ក្លិនឆ្អាបទាំងស្រុងហើយ។ ខ្ញុំចូលចិត្តមុខម្ហូននេះណាស់”។

មកដល់ភូមិឃុំរបស់ជនជាតិ Dao ក្រហមនៃតំបន់ព្រៃភ្នំ Yen Baiប្រជាជនច្រើនតែចម្អិនម្ហូបជាមួយស្លឹកដំឡូងមីជ្រក់ជូរ ដើម្បីអញ្ជើញភ្ញៀវ ដើម្បីគេបានស្គាល់រសជាតិទឹកដីតំបន់ព្រៃភ្នំ។ នេះក៏ជាលក្ខណៈវប្បធម៌ម្ហូបអាហាររបស់ជនជាតិ Dao ក្រហមផងដែរ៕

ប្រតិកម្មទៅវិញ