សម្លៀកបំពាក់ដ៏វិសេសវិសាលរបស់ស្ត្រីជនជាតិ Mong ខ្មៅនៅខេត្ត Cao Bang

Chia sẻ

(VOVWORLD) - ជនជាតិ Mong នៅខេត្ត  Cao Bang មានវប្បធម៏សម្បូរបែបនិងចម្រុះ ហើយបានចែកចេញជា ជនជាតិ Mong ស; Mong បៃតង; Mong ខ្មៅ និង Mong ផ្កា។ ជនជាតិ Mong នីមួយៗ មានសម្លៀបំពាក់ប្រពៃណីរបស់ខ្លួន។ សម្រាប់ជនជាតិ Mong ខ្មៅនៅភូមិ Ka Lieng ឃុំ Thuy Hung ស្រុក Thach An (Cao Bang) សម្លៀកបំពាក់ប្រពៃណីរបស់ពួកគេមិនមានពណ៌ដូចទៅនឹងជនជាតិ Mong ផ្សេងទៀតទេ ប៉ុន្តែក្នុងការរចនា មានភាពទំនើបទាន់សម័យតាមលំនាំ និងពណ៌ឆើតឆាយ។

សម្លៀកបំពាក់ដ៏វិសេសវិសាលរបស់ស្ត្រីជនជាតិ Mong ខ្មៅនៅខេត្ត Cao Bang - ảnh 1សម្លៀកបំពាក់ពេញមួយឈុតរបស់ស្ត្រីជនជាតិ Mong ខ្មៅរួមមាន៖ ក្រមាទូលក្បាល, អៀម, ខោអាវ, សំពត់, ខ្សែក្រវាត់ (រូបថត៖ VOV)

សម្លៀកបំពាក់របស់ស្ត្រីជនជាតិ Mong ខ្មៅគឺមានលក្ខណៈល្អិតល្អន់រួមមាន៖ ក្រមាឆូតក្បាល អាវ អៀម សំពត់ ខ្សែក្រវ៉ាត់ និងខោជើងវែង។ អាវរបស់ស្ត្រីជនជាតិ Mong ខ្មៅ ត្រូវបានផលិតជាពីក្រណាត់ពណ៌ផ្លះ ដែលជាធម្មតាមានបីជ្រុង ខ្សែពីរព័ទជុំវិញកអាវ។ ថ្នេររវាងដងអាវខាងមុខ និងដងអាវខាងក្រោយ គឺដើម្បីឆែកចេញពីកអាវឡើងលើ។ អាវត្រូវបាន តុបតែងដោយលំនាំក្បូរក្បាច់យ៉ាងស្រស់ស្អាត។ ពេលស្លៀកសម្លៀកបំពាក់ អាវមិនច្រចូលក្នុងសំពត់ទេ អាវមិនមានឡេវទេ តែត្រូវកាត់ជាប់គ្នា បន្ទាប់មកប្រើខ្សែក្រវាត់ឲ្យជាប់។

ស្ត្រីជនជាតិ Mong ខ្មៅច្រើនតែពាក់អាវអៀម និងអាវយឺត។ កអៀមត្រូវបានប៉ាក់ដោយលំនាំចម្រុះពណ៌ ដែលធ្វើឱ្យសម្លៀកបំពាក់កាន់តែលេចធ្លោ។ ខោជើងវែង គឺជាក្រណាត់ពណ៌ខ្មៅដែលមានប្រវែងដៃបត់ ហើយប្រើសម្រាប់រុំជុំវិញកំភួនជើង។ ចុងទាំងពីរនៃក្រណាត់មានខ្សែពណ៌ក្រហមពីរដែលប៉ាក់ជាមួយនឹងលំនាំក្បូរក្បាច់។ សំពត់មានពណ៌ខ្មៅដូចជនជាតិ Mong សដែរ ប៉ុន្តែត្រឹមតែខ្លីដល់ជង្គង់ សំពត់រាងស្តើងៗ បង្កើតភាពទាក់ទាញសម្រាប់សម្លៀកបំពាក់។

ដើម្បីផលិតបានសម្លៀកបំពាក់បែបប្រពៃណីមួយឈុត ស្ត្រីជនជាតិ Mong ខ្មៅត្រូវរួមបញ្ចូលលំនាំលម្អិតលើក្រណាត់នីមួយៗយ៉ាងប៉ិនប្រសប់។ អ្នកស្រី Duong Thi Noong នៅភូមិ Ka Lieng ឃុំ Thuy Hung ស្រុក Thach An ខេត្ត Cao Bang បានឲ្យដឹងថា៖ ពីមុននេះ ដើម្បីបង្ហើយសម្លៀកបំពាក់មួយឈុតរបស់ស្ត្រីជនជាតិ  Mong ខ្មៅត្រូវចំណាយពេលប្រហែល ៣-៤ ខែ។ គ្រប់ដំណាក់កាលគឺធ្វើដោយដៃ ចាប់ពីអំបោះ ការត្បាញ ការជ្រលក់ពណ៌ និងលំនាំប៉ាក់៖ “ដើម្បីធ្វើបានសម្លៀកបំពាក់មួយឈុតក៏ពិបាកដែរ។ ពីមុនត្រូវតម្បាញគ្រប់យ៉ាង ឥឡូវខ្ញុំទៅទិញក្រណាត់នៅផ្សារមកធ្វើ។ ហើយឥឡូវនេះ ដោយមានម៉ាស៊ីនដេរដូច្នេះ មួយឈុតអាចត្រូវចំណាយពេល រហូតដល់១០ថ្ងៃ។ ចង់ធ្វើលឿនក៏ធ្វើមិនបានដែរ គ្រាន់តែអាវ អៀមប៉ុណ្ណោះ ត្រូវចំណាយពេល ៤ថ្ងៃបាត់ទៅហើយ។  សម្លៀកបំពាក់ស្ត្រីជនជាតិ Mong ខ្មៅ រួមមានអៀម អាវដៃវែង ខ្សែក្រវាត់ និងក្រមាទូលលើក្បាល។ អាវក្រណាត់ស្តើងជាងនេះជាធម្មតាត្រូវបានពាក់នៅក្នុងរដូវក្តៅ ហើយអាវក្រណាត់ក្រាស់ជាងនេះត្រូវបានគេពាក់ក្នុងរដូវរងារ”។

សម្លៀកបំពាក់ដ៏វិសេសវិសាលរបស់ស្ត្រីជនជាតិ Mong ខ្មៅនៅខេត្ត Cao Bang - ảnh 2ស្ត្រីជនជាតិ Mong ខ្មៅដេរសម្លៀកបំពាក់ប្រៃពៃណី (រូបថត៖ VOV)

លំនាំក្បូរក្បាច់លើសម្លៀកបំពាក់ស្ត្រីជនជាតិ Mong ខ្មៅ ភាគច្រើនមានក្បាច់រចនា រាងការ៉េ រាងចតុកោណ រាងពេជ្រ និងរាងត្រីកោណ... ប៉ុន្តែត្រូវបានរៀបចំដោយឆ្នូតៗ និងអំបោះដែលមានលំនាំចម្រុះ។ ប្រការនេះបង្កើតភាពស្មុគ្រស្មាញ និងភាពប្លែកពីគេ ដោយរំលេចសម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រីជនជាតិ Mong។ លើសពីនេះ សម្លៀកបំពាក់ស្ត្រីជនជាតិ Mong ខ្មៅក៏មានភ្ជាប់ជាមួយខ្សែក និងស្នៀតសក់ធ្វើពីប្រាក់។

ក្នុងសកម្មភាពប្រចាំថ្ងៃ ជនជាតិ Mong ភាគច្រើននៅ Thach An តែងតែស្លៀកសម្លៀកបំពាក់ធម្មតាដូចជនជាតិដទៃដែរ ប៉ុន្តែក្នុងឱកាសសំខាន់ៗ ប្រជាជនតែងតែប្រើសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន។ បច្ចុប្បន្ននេះ គ្រួសារជនជាតិ Mong ខ្មៅគ្រប់រូបសុទ្ធតែមានសម្លៀកបំពាក់ប្រពៃណីសម្រាប់កូនស្រីស្លៀកពាក់ក្នុងកម្មវិធីធំៗ ឬថ្ងៃសប្បាយរបស់សហគមន៍។ លោកស្រី Duong Thi Noong បានឲ្យដឹងថែមទៀតថា៖ “កាលពីមុន មុនពេលក្លាយជាកូនក្រមុំមួយរូប នារីជនជាតិ Mong ខ្មៅម្នាក់ ត្រូចេះច្នៃសម្លៀកបំពាក់ ៣ ឈុតដោយខ្លួនឯង។ ឥឡូវ ពេលមានពិធីមង្គលការ ពិធីជួបជុំ ទិវាមហាសាមគ្គីជនជាតិទាំងមូល ឬក្មេងៗទៅសាលា ហើយពេលសាលារៀបចំកម្មវិធីផ្សេងៗ គ្រប់គ្នាត្រូវស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន។  ជារឿយៗ គេតែងតែមកទិញនៅផ្ទះរបស់ខ្ញុំដែរ”។

លោក Ha Van Thien ប្រធានភូមិ Ka Lieng ឃុំ Thuy Hung ស្រុក Thach An (Cao Bang) បានឲ្យដឹងថា៖ “កាលពីមុននេះ ប្រជាជនធ្លាប់ស្លៀកតែសម្លៀកបំពាក់ធម្មតាប៉ុណ្ណោះ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជនចាប់ផ្តើមយល់ដឹងពីការថែរក្សាអត្តសញ្ញាណជនជាតិរបស់ខ្លួន ដូច្នេះហើយ ឥឡូវនេះ នៅក្នុងពិធីមង្គលការ ពិធីបុណ្យទាន ឬបុណ្យតេត   ម្នាក់ៗ សុទ្ធតែស្លៀកសម្លៀកបំពាក់ជនជាតិខ្លួន”។

ដើម្បីរក្សាតម្លៃវប្បធម៌របស់ជនជាតិ Mong ខ្មៅ នាពេលថ្មីៗនេះ ស្រុក Thach An បានរៀបចំផែនការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងរក្សាអត្តសញ្ញាណជនជាតិក្នុងមូលដ្ឋាន។ លោក Dinh Van Huu ប្រធានគណៈកម្មាធិការប្រជាជនឃុំ Thuy Hung ស្រុក Thach An ខេត្ត Cao Bang បានចែករំលែកថា៖ “ដើម្បីរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong ខ្ញុំសង្ឃឹមថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីស្រុក ខេត្ត ដល់មជ្ឈឹម នឹងផ្តោតការយកចិត្តទុកដាក់លើការវិនិយោគប្រភពធនធាន និងបន្តមានគោលនយោបាយគាំទ្រដើម្បីស្តារ និងរក្សានូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅឃុំ Thuy Hung។ ព្រោះ នេះជាក្រុមជនជាតិ Mong បង្កប់ដោយមានលក្ខណៈវិសេសវិសាលជាច្រើន”។

ស្រុក Thach An ក៏កំពុងអភិវឌ្ឍវិស័យទេសចរណ៍ក្នុងទិសដៅធ្វើអាជីវកម្មតាមគោលដៅទេសចរណ៍ ផ្សារភ្ជាប់ជាមួយនឹងការការពារ និងលើកកម្ពស់លក្ខណៈសហគមន៍ជនជាតិក្នុងតំបន់ ក្នុងនោះមានជនជាតិ Mong ខ្មៅផងដែរ។ ពីទីនោះ  ជួយប្រជាជនរក្សានូវលក្ខណៈវិសេសវិសាលនៃពិធីបុណ្យ និងសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Mong ខ្មៅ៕

ប្រតិកម្មទៅវិញ