ជនជាតិ Mang នាបច្ចុប្បន្នមានចំនួនប្រជាជនជាង ៤៦០០ នាក់ ដែលរស់នៅរាយប៉ាយ នៅតាមបណ្ដោយទន្លេ Da និងទន្លេ Nam Na ក្នុងស្រុក Nam Nhun និង Muong Te ខេត្ត Lai Chau ។ ដោយសារការប្រកបរបរកសិកម្មជាចំបង នៅពេលដែលរដូវនីមួយៗបានបញ្ចប់ដោយជោគជ័យ ឬពេលបញ្ចប់រយៈមួយឆ្នាំធ្វើពលកម្មដ៏លំបាក ប្រជាជនតែងតែរៀបចំពិធីបុណ្យអំណរស្រូវថ្មី ដើម្បីសម្ដែងនូវការដឹងគុណឧទ្ទិសដល់បុព្វការីជន ព្រះអាទិទេព ហើយរួមគ្នាទទួលស្វាគមឆ្នាំថ្មីប្រកបដោយសុខសន្តិភាព។
ពិធីអំណរស្រូវថ្មីរបស់ជនជាតិ Mang ជាលក្ខណៈវប្បធម៌ពិសេសមួយក្នុងសហគមន៍ជនជាតិវៀតណាម។ (រូបថត៖ VOV) |
ពិធីអំណរស្រូវថ្មីត្រូវបានប្រារព្ធធ្វើនៅចុងខែទី ៩ (តាមច័ន្ទគតិ) ជារៀងរាល់ឆ្នាំ ហើយជាពិធីដែលមិនអាចខ្វះក្នុងជីវភាពវប្បធម៌ និងវិញ្ញាណរបស់ជនជាតិ Mang បានឡើយ។ លោក Pan Van Dao នៅភូមិ Nam Se ឃុំ Vang San ស្រុក Muong Te បានឲ្យដឹងថា៖
“ទស្សនៈទានរបស់ជនជាតិ Mang ពេលរៀបចំពិធីអំណរស្រូវថ្មីតាំងពីមុនមក គឺអញ្ជើញជនព្រឹទ្ធាចារ្យ អ្នកចាស់ទុំមកណែនាំកូនចៅ អំពីរបៀបធ្វើស្រែចម្ការ ដើម្បីប្រមូលបានផលស្រូវល្អ។ ផ្ដែផ្ដាំកូនចៅឲ្យឧស្សាហ៍ព្យាយាមធ្វើស្រែចម្ការដើម្បីកុំឲ្យឃ្លាន ឬខ្វះខាត។ រហូតមកដល់ពេលនេះ រដ្ឋបានជួយគ្រួសារនានារស់នៅជិតៗគ្នាតាមលក្ខណៈភូមិឃុំ និងរស់នៅប្រកបដោយសុភមង្គល សាមគ្គីភាព; ប្រជុំជីវភាពជាមួយគ្នា”។
លក្ខណៈវប្បធម៌ដែលមិនអាចខ្វះបានមួយទៀតក្នុងជីវភាពខាងស្មារតីរបស់ជនជាតិ Mang គឺបទចម្រៀងនិងក្បាច់របាំប្រជាប្រិយ។ នៅកណ្ដាលព្រៃភ្នំធំល្វឹងល្វើយ សូរសំឡេងស្គរអមរបាំ Tà Nơm ធ្វើឱ្យអ្នកស្ដាប់ណាមួយ ក៏ហាក់ដូចជាត្រឡប់ទៅសម័យពនេចររបស់ជនជាតិ Mang វិញ។ អ្នកស្រី Vang Thi Thom នៅភូមិ Nam Sao ១ ឃុំ Trung Chai ស្រុក Nam Nhun បានឲ្យដឹងថា៖
“ការសំដែងរបាំរបស់ជនជាតិ Mang គឺសម្បូរបែប ដែលបង្ហាញយ៉ាងច្បាស់នូវអត្តសញ្ញាណជនជាតិរបស់ខ្លួន។ ដូចរបាំបូកស្រូវដែលបង្ហាញរូបភាពអ្នកទៅធ្វើការ និងច្រូកកាត់ស្រូវនៅស្រែ។ ខ្ញុំបានសំដែងរបាំនោះដើម្បីបង្កើតឡើងវិញនូវជីវភាពរបស់ប្រជាជននៅពេលធ្វើស្រែចម្ការដើម្បីមានគ្រាប់អង្ករយកទៅផ្ទះ”។
សំលៀកបំពាក់របស់ជនជាតិ Mang ត្រូវបានប៉ាក់ដោយស្ត្រី ហើយត្រូវបានបង្រៀនពីជំនាន់មួយទៅជំនាន់មួយទៀត។ (រូបថត៖ VOV) |
ភាពខុសប្លែកគ្នាក្នុងជីវភាពវប្បធម៌របស់ជនជាតិ Mang នឹងជនជាតិដទៃគឺសម្លៀកបំពាក់របស់ពួកគេផងដែរ។ ចំណុចពិសេសនៃសម្លៀកបំពាក់របស់ស្ត្រីជនជាតិ Mang គឺផ្ទាំងក្រណាត់ពណ៌សពាក់ជុំវិញខ្លួនដោយប៉ាក់ក្បូរក្បាច់រចនាពីអំបោះក្រហម។ លោកស្រី Lo Thi Chuong នៅភូមិ Nam Sao ១ ឃុំ Trung Chai ស្រុក Nam Nhun បានចែករំលែកថា៖ សម្រាប់ក្រមុំជនជាតិ Mang សំលៀកបំពាក់មិនត្រឹមតែជាលក្ខណៈពិសេសដើម្បីស្គាល់ជនជាតិនោះប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត តាមរយៈការប៉ាក់ក្បូរក្បាច់រចនា គេអាចដឹងថាតើក្រមុំនោះមានភាពប៉ិនប្រសបយ៉ាងដូចម្ដ៉េចទៀតផង។
“ស្ត្រីជនជាតិ Mang ត្រូវមានអាវ សំពត់ ក្រមា កន្សែងរុំកាយ ហើយត្រូវតែមានកន្សែងរុំជើងទៀត។ អាវរបស់ជនជាតិ Mang ក៏ត្រូវមានកាក់ប្រាក់សម្រាប់តុបតែងលម្អផងដែរ។ កាក់ក៏ត្រូវមានពី ២ ទៅ ៣ ប្រភេទដែរ។ អាវក៏ត្រូវកាត់ដេរដោយខ្លួនឯងទើបតុបតែងដោយក្បូរក្បាច់នៅខាងក្រោយ។ បើនិយាយពីសំលៀកបំពាក់ប្រពៃណី ប្រសិនបើគ្មានកន្សែងទេ គឺមិនមែនជាជនជាតិ Mang ទេ”។
យោងតាមលោក Tran Manh Hung នាយករងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា កាលពីមុន ជីវភាពរស់នៅរបស់ជនជាតិ Mang បានជួបប្រទះនឹងការលំបាកជាច្រើន ធ្វើឲ្យលក្ខណៈវប្បធម៌ជាច្រើនសាបសូន្យទៅ។ មកទល់នឹងពេលនេះ ខេត្តមានគោលនយោបាយជាច្រើនដើម្បី ជួយជីវភាពរស់នៅរបស់ជនជាតិ Mang ឱ្យកាន់តែប្រសើរឡើង; អត្តសញ្ញាណវប្បធម៌ និងទេសចរណ៍ត្រូវបានអភិរក្ស និងអភិវឌ្ឍន៍។ បច្ចុប្បន្ននេះ ជនជាតិ Mang បានស្ដារឡើងវិញនូវពិធីបុណ្យប្រចាំឆ្នាំជាច្រើន ក៏ដូចរបរជាសិប្បកម្មប្រពៃណីផងដែរ។ លោក Tran Manh Hung បានឲ្យដឹងថា៖
“បច្ចុប្បន្ននេះ ពិធីបុណ្យរបស់ជនជាតិនានា រួមទាំងជនជាតិ Mang ត្រូវបានបញ្ចូលក្នុងបញ្ជីដើម្បីរៀបចំជាប្រចាំឆ្នាំនិងទទួលបានជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារ និងថែរក្សា។ ជនជាតិ Mang នៅតែថែរក្សា និងរៀបចំពិធីបុណ្យថ្ងៃដ៏ពិសេសមួយចំនួនដូចជា៖ ពិធីអំណរស្រូវថ្មី ពិធីអំណរផ្ទះថ្មី និងពិធីបុណ្យពេញបូណ៌មីខែមិគសិរ។ ទន្ទឹមនឹងនោះ គឺអភិរក្សរបរសិប្បកម្មប្រពៃណី ដូចជាសិប្បកម្មតម្បាញឫស្សី និងផ្តៅ ជាមួយនឹងសិល្បៈដ៏ល្អប្រណិត ដែលត្រូវបានសហគមន៍ថែរក្សា និងអភិវឌ្ឍន៍”។
ភូមិនិគមជនជាតិ Mang សព្វថ្ងៃនេះជានិច្ចកាលមានភាពសប្បាយរីករាយ។ បងប្អូនជនរួមជាតិសប្បាយរីករាយ ព្រោះភាពក្រីក្រត្រូវបានរុញថយក្រោយ អាស្រ័យដោយមានគោលនយោបាយរបស់បក្ស រដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ជនជាតិ Mang កំពុងរួមដៃគ្នាថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន ហើយសាមគ្គី រួមកម្លាំងកាយចិត្តគ្នាកសាងភូមិ និងស្រុកកំណើតឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕