សំលៀកបំពាក់របស់នារី Pa Then |
|
ដោយតាំងទីលំនៅនៅតំបន់ព្រៃភ្នំ ត្រូវទប់ទប់នឹងគ្រោះធម្មជាតិ កម្ដៅថ្ងៃ និងខ្យល់នោះ ទើបសំលៀកបំពាក់ប្រពៃណីរបស់នារី Pa Then មានលក្ខណៈវែងជិតឈឹងពីស្មងជើងដល់ ក្បាល។ ពណ៌លេចធ្លោនៅលើសម្លៀកបំពាក់របស់នារី Pa Then គឺពណ៌ក្រហម។ តាមទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិ Pa Then ថា ពណ៌ក្រហម ជាពណ៌ដែលមានលក្ខណៈពិសេសដោយឡែករបស់ជនជាតិ Pa Then។ លោកស្រី Phu Thi Thien ជនជាតិ Pa Then មួយរូបនៅខេត្ត Ha Giang បានឱ្យដឹងថា៖
“ឈុតសំលៀកបំពាក់ប្រពៃណីរបស់នារី Pa Then លេចធ្លោបំផុតគឺ ពណ៌ ក្រហម។ ជនជាតិ Pa Then រស់នៅលើព្រៃភ្នំតាំងពីយូរយារណាស់មកហើយ។ គេយល់ដឹងថាពណ៌ក្រហមឆើត គឺជាពណ៌របស់បក្សីភ្លើង ដោយបង្ហាញកម្លាំងរស់ដ៏ខ្លាំងសម្បើមនៃក្ដីសង្ឃឹមរបស់ជនជាតិ Pa Then ។ ជនជាតិ Pa Then គោរព និងស្រឡាញ់ពណ៌ក្រហមជានិច្ច”។
តាមប្រពៃណីរបស់ជនជាតិ Pa Then កូនក្រមុំពេញវ័យមួយរូប មុនពេលរៀបការ គឺត្រូវប៉ាក់ត្បាញកន្សែង សំពត់ និងអាវ ដើម្បីនាំយកទៅផ្ទះខាងប្ដីជាមួយរបស់របរផ្សេងទៀតដូចជាភួយនិងខ្នើយ។ ហេតុដូច្នេះហើយ សម្លៀកបំពាក់របស់នារី Pa Then មិនត្រឹមតែជាការល្លៀកពាក់ប៉ុណ្ណោះទេ ថែមទាំង ជាសញ្ញាសំគាល់អំពីការធំដឹងក្ដីរបស់កូនក្រមុំពេញវ័យទៀតផង។ នាគ្រាចុងឆ្នាំ ពេលដែលប្រមូលផលស្រូវរួចរាល់ហើយនោះ នារី Pa Then តែងសង្វាតត្បាញ ដេរសំលៀកបំពាក់ជូនក្រុមគ្រួសាររបស់ខ្លួន។ រីឯ កូនកំលោះ Pa Then គឺ តែងតែជ្រើសរើសគូស្រករដែលឧស្សាហ៍ព្យាយាមត្បាញសម្លៀកបំពាក់។ តាមរយៈក្បូរក្បាច់រចនា នៅលើឈុតសម្លៀកបំពាក់នោះ កូនកំលោះអាចដឹងអំពីភាពប៉ិនប្រសប់របស់នារីផងដែរ។
|
ឈុតសំលៀកបំពាក់របស់ជនជាតិ Pa Then រួមមាន៖ កន្សែង អាវ ខ្សែក្រវាត់ និងសំពត់។ ភាពវិសេសវិសាលក្នុងសំលៀកបំពាក់នារី Pa Then នៅត្រង់ រចនាបទពិសេសដោយឡែកនេះឯង ពោលគឺពីការរចនាអាវរាងវែង របៀបប្រើប្រាស់ពណ៌ និងរបៀបស្លៀកពាក់។ ចំណុចគួរឱ្យចាប់អារម្មណ៍ក្នុងសំលៀកបំពាក់របស់នារី Pa Then គឺអាវកតាំង។ លក្ខណវិសេសវិសាលទាំងនេះត្រូវបានបន្យល់ទុកជាមរតកពីជំនាន់មុនទៅជំនាន់ក្រោយៗ លោកស្រី Phung Thi Duyen ជនជាតិ Pa Then នៅខេត្ត Ha Giang បានឱ្យដឹងថា:
“សម្លៀកបំពាក់ត្រូវតែរក្សាពណ៌របស់ជនជាតិខ្លួន។ ជំនាន់មុនដែលចេះប៉ាក់ និងត្បាញក្រណាត់ គឺគប្បីបង្រៀនប្រៀនប្រដៅឲ្យកូនចៅជំនាន់ក្រោយៗចេះត្បាញ។ ហេតុដូច្នេះហើយ ទើបជំនាន់ក្រោយៗទើបបន្តប្រពៃណីវប្បធម៌របស់ជនជាតិខ្លួន បានផងដែ”រ។
រួមជាមួយសំលៀកបំពាក់ នារី Pa Then ក៏មានការតុបតែងខ្លួនដោយគ្រឿងអលង្ការដូចជាកងក កងដៃ ហើយ នារី Pa Then តែងតែពាក់កងស្ពាន់។ ពណ៌សនៃកងស្ពាន់បានលេចធ្លោលើផ្ទៃពណ៌ក្រហម និងក្បូរក្បាច់រចនានៅលើអាវ។ ក្នុងនោះ ជនជាតិ Pa Then បានរចនាសម្លៀកបំពាក់មានលក្ខណៈវិសេសវិសាលដែរ។
ជាទូទៅសំលៀកបំពាក់របស់នារីជនជាតិ Pa Then បានបង្ហាញពីបច្ចេកទេស ផ្គុំក្រណាត់ និងប៉ាក់អំបោះពណ៌ យ៉ាងប៉ិនប្រសប់។ ក្រៅពីនោះ ក៏មានក្បូរក្បាច់រចនាចម្រុះ ពណ៌ដែលប៉ាក់ដោយដៃ។ ទាំងអស់នេះបានធ្វើឲ្យសម្លៀកបំពាក់របស់នារីជនជាតិ Pa Then មានក្ខណៈវិសេសវិសាលផង និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជានជាតិខ្លួនផង៕